ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលដែលទៅដកក្រអៅឈូកនៅក្នុង ត្រពាំង ហើយបានដួលផ្កាប់មុខក្នុងទឹក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រីជើង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចស្រុកជលគិរី បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះជីម ចក់ អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុជនរងគ្រោះនិងកូនប្រុសម្នាក់ អាយុ១២ឆ្នាំ បាននាំគ្នាទៅដកក្រអៅឈូកនៅក្នុងត្រពាំងស្រងែខ្ពស់ ដែលមានទឹកត្រឹមជង្គង់ ហើយកូនបានចុះទៅដកឆ្ងាយពីកន្លែងឪពុកដក ។ នៅពេលដែលដកក្រអៅឈូកបានជាងកន្លះម៉ោង ក្រឡេកទៅរកឪពុកអត់ឃើញ ពេលទៅដល់កន្លែងឪពុកដកក្រអៅឈូកក៏ឃើញឪពុកបានដួលផ្កាប់មុខឈ្លក់ទឹកស្លាប់បាត់ទៅ ហើយបានហៅអ្នកភូមិនិងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើការពិនិត្យសាកសព ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចខ្យល់គ ដួលចូលក្នុងទឹកឈ្លក់ស្លាប់តែម្តង ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានេះបានអោយដឹងថា បុរសរងគ្រោះនេះជាមនុស្សដែលញៀនស្រាខ្លាំងណាស់ ហើយមុននឹងទៅដកក្រអៅឈូកនឹងផឹកឡើងស្រវឹងទៅហើយ នឹងពេលទៅដល់ត្រពាំងសង្ស័យអត់ស្រួលខ្លួនក៏ដួលស្លាប់គ្មានអ្នកដឹងតែម្តងទៅ ៕
ដោយ៖ ចន្ថា