ភ្នំពេញ៖ ដោយមានបញ្ជាពីលោក លី សាវេត អភិបាល នៃគណៈអភិលបាលខណ្ឌ សែនសុខ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បាននាំដឹកកម្លាំងចម្រុះចុះ បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រីអត់ច្បាប់ នៅក្នុងភូមិដ្ឋានរបស់ខ្លួន និងដកហូតទូហ្គេមចំនួន១០ទូ យកទៅរក្សាទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍បង្ក្រាបល្បែងហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាតិខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទី នៅក្នុងចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីសាលាខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ការបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខាង លើ គឺបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ទើបគណៈបញ្ជាការឯកភាពខណ្ឌ សែនសុខ ដឹកនាំផ្ទាល់ដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ចុះបង្ក្រាប ចំនួន៥ទីតាំង ក្នុងនោះដកហូតបានទូហ្គេម ចំនួន ១០ទូ ។
មន្ត្រីសាលាខណ្ឌសែនសុខប្រាប់បន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបើក ល្បែងហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាតិនេះផងដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកមើលការខុស ត្រូវចំនួន៤នាក់ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានកិច្ចសន្យា និងអប់រំ ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ លោក លី សាវេត អភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីក្រោមឪវាទវាយកំទេចទូហ្គេមចំនួន៣៨ទូ ក្នុងនោះទូហ្គេមបាញ់ត្រីចំនួន២៥ទូ និងហ្គេមបៀរ ចំនួន១៣ទូ ដែលត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាប និងដកហូតបាននាពេលកន្លងទៅ ។
នៅក្នុងពិធីវាយកំទេចទូហ្គេមទាំង៣៨ទូនេះ ក៏មានការចូលរួមពីអាណាព្យាបាលរបស់សិស្សសាលាផងដែរ ដោយពួកគាត់បានធ្វើការកោតសរសើរ ចំពោះអាជ្ញាធរ ក្នុងការលុបបំបាត់ល្បែងហ្គេមទាំងនេះ ពីព្រោះវាជាមេរោគមួយ ដែលធ្វើឲ្យកូនចៅរបស់ពួកគាត់ ភ្លេចការសិក្សា ចូលលេងល្បែងហ្គេមទាំងនេះ អស់លុយកាក់ និងអាចប្រព្រឹត្តអំពើល្មើសច្បាប់ផងដែរ ។
នាឪកាសនោះលោក លី សាវេត បានប្រាប់ឲ្យដឹងថា ដោយប្តេជ្ញាលុបបំបាត់ទីតាំងបើកល្បែងហ្គេមនៅមូលដ្ឋានរបស់ខ្លួនឲ្យអស់ ព្រមទាំងសូមឲ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរ មានសមត្ថកិច្ច បើសិនឃើញមានល្បែងហ្គេមទាំងនេះនៅក្នុងភូមិឋានរបស់ខ្លួន ពីព្រោះបញ្ហានេះនាំឲ្យក្មេងៗគេចសាលារៀន អស់លុយ អស់កាក់ និងអាចឈានដល់ការប្រព្រឹត្តអំពើល្មើសច្បាប់របស់សង្គមជាតិផងដែរ ៕
ដោយ៖ តុង សីហា