ខេត្តកំពង់ស្ពឺ ៖ លោកអធិការស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺត្រូវបានមន្ត្រីក្រោមឱវាទថ្នាក់ប៉ុស្តិ៍នានាក្នុងស្រុកបសេដ្ឋរិះគន់ថាលោកបានកេងលុយរបបការពារក្នុងឱកាសបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលកន្លងទៅថ្មីៗនេះ ដោយបើកពាក់កណ្តាលទុកពាក់កណ្តាល ។
ជុំវិញការចោទប្រកាន់នេះ លោកបានបដិសេធថា មិនបានកិបកេងលុយរបបនោះទេ តែអ្វីដែលលេចឮព័ត៌មានខាងលើនេះ គឺមានមន្ត្រីមួយចំនួនតូចមិនសប្បាយចិត្តនឹងលោក ពោលគឺចង់កាច់កុងតែម្តង ។
ជាមួយនឹងការចោទប្រកាន់នេះដែរ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ លោក យ៉ាង សុខលី អធិការនគរបាលស្រុកបសេដ្ឋបានបំភ្លឺថា៖
ករណីរឿងបាត់លុយការពារបោះឆ្នោតរួចមក លោកអនុសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកបសេដ្ឋបានបំភ្លឺថា រឿងលុយការពាលោកបានបើកជូនមន្ត្រីតាមបណ្តាប៉ុស្តិ៍គ្រប់ចំនួនអស់ហើយ ដោយពុំមានការបាត់បង់ ឬខ្វះខាតនោះទេ។
លោកអធិការបន្តថា ករណីនេះ គឺមានមនុស្សមួយចំនួនតូចចង់កាច់កុងរូបលោក ទើបរាយការណ៍បំផ្លើសបែបនេះ ខណៈដែលការពិតមិនដូចការលើកឡើងខាងលើនោះទេ។ លោកអធិការបន្តថា ក្នុងនាមលោកជាអ្នកដឹកនាំនគរបាលស្រុកមិនដែលគិតចង់បាន ឬកឹបកេងលុយកាក់របស់កូនចៅក្រោមឱវាទនោះទេ គឺលោកមានតែជួយទំនុកបំរុងដល់កូនចៅដែលខ្វះខាត។ សូម្បីតែការចំណាយទៅលើការហូបចុករបស់មន្ត្រីនៅអធិការដ្ឋានស្រុក ក៏លោកជាអ្នកទំនុកបំរុងទាំងស្រុងដែរ។
ពាក់ព័ន្ឋនឹងការលើកឡើងករណីបាត់លុយការពារបោះឆ្នោតនេះដែរ មន្ត្រីនគរបាលប៉ុស្តិ៍ពោធិម្រាល ក៏ដូចជាលោកនាយប៉ុស្តិ៍បានបំភ្លឺដែរថា ខាងមន្ត្រីទាំងអស់បានទទួលលុយគ្រប់ចំនួនគ្រប់ៗគ្នាពុំមំនការបាត់បង់នោះទេ។
លោកអធិការបានបន្តថា ករណីនេះគឺជាការបំផ្លើសហួសពីការពិត ដែលមិនអាចទទួលយកបាន តែលោកមិនខឹងឬធ្វើការឆ្លើយតបនោះទេ ព្រោះអ្នកថា ខុសពីអ្នកធ្វើដោយលោកបានលើកឡើងថា”មនុស្សទាំងនោះមិនបានមកបំពេញការងារនោះទេ ទើបចេះតែមានការនិន្ទាដូច្នេះដោយឡែកអ្នកដែលបានបំរើការងារពិតប្រាកដពួកគេអាចទទួលយកបាន” ៕ សេនាស័ក