ខេត្តកណ្ដាល ៖ សវនាការរឿងក្ដីព្រហ្មទណ្ឌមួយ ត្រូវបានសាលាដំបូងខេត្តកណ្ដាល ពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានឡើយ តែភាគីពាក់ព័ន្ធមានសិទ្ធិចូលជាធម្មតា ។
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ សាលាដំបូងខេត្តកណ្ដាល បើកសវនាការរឿងក្ដីព្រហ្មទណ្ឌមួយ ដែលមានជនជាប់ចោទឈ្មោះ នាង ប៊ុនធឿន អាយុអាយុ៥៧ឆ្នាំ ជាប់ចោទចំនួនពីរបទល្មើស គឺ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ តាមមាត្រា៤២ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ ។
មុនពេលសវនាការ មន្ត្រីតុលាការបានប្រាប់អ្នកសារព័ត៌មាន ថា ពុំអនុញ្ញាតឲ្យចូលយកព័ត៌មានឡើយ នេះជាបញ្ជារបស់មេ ។ អ្នកសារព័ត៌មាន ឆ្លើយតប ថា “បាទ” យើងមិនចូលទេ ។
សវនាការនេះដឹកនាំដោយកញ្ញា អ៊ី ម៉ាណូកា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ផូង វណ្ណ និង លោកស្រី ពេជ ម៉ារ៉ែន ជាសមាជិក ព្រមទាំងលោក សេង រិទ្ធី ជាតំណាងអយ្យការ ។
លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។ ប៉ុ ន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕ ចេស្តា