ប្រជាពលរដ្ឋនៅតែបន្តរិះគន់ទៅលើក្រុមពន្លត់អគ្គីភ័យ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់ជាម្ចាស់ផ្ទះរងគ្រោះនៅខណ្ឌដង្កោ ក៏ដូចជាពលរដ្ឋនៅ ជិតខាងបានរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យថា នៅ មានការយឺតយ៉ាងបំផុតក្នុងការចេញអន្តរាគមន៍ពន្លត់អគ្គីភ័យ និងមិនយកចិត្តទុកដាក់ក្នុងពន្លត់ឲ្យទាន់ពេល នៅបង្អែបង្អង់មិនដឹងជាមូលហេតុអ្វីខណៈភ្លើង កំពុងគ្របដណ្តប់យ៉ាងខ្លាំងក្លាមកលើផ្ទះសម្បែងពួកគាត់។

ជាក់ស្តែងនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ មានករណីអគ្គីភ័យកើតមាននៅផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ហើយទាំងកម្លាំងប៉ុសិ្តរដ្ឋបាលដង្កោ ទាំងកម្លាំងសណ្តាប់ធ្នាប់ ក្រុមប្រជាការពារភូមិ បានចេញជួយពន្លត់ និងបានហៅរថយន្តពន្លត់អគ្គីភ័យប្រចាំការនៅសាលាខណ្ឌដង្កោជាង១០ទៅ១៥នាទី នៅមិនទាន់ចេញមកទេ។

ប្រជាការពារភូមិម្នាក់បានរអ៊ូថា នៅពេលរថយន្តពន្លត់អគ្គីភ័យចេញមកដល់កន្លែងកើតហេតុហើយនោះ មិនរួសរាន់បាញ់ទឹកពន្លត់ទេ បែរជានៅបង្អែបង្អង់ថែមទៀត មិនដឹងថាគេធ្វើនេះដើម្បីអ្វីនោះទេ។

លោកអធិការរងនគរបាលខណ្ឌដង្កោម្នាក់បានបង្ហើបឲ្យដឹងដែរថា ជាការពិតណាស់ គាត់បានឃើញសកម្មភាពក្រុមពន្លត់អគ្គីភ័យមានការបង្អែបង្អង់ដូច្នេះមែន និងមានការយឺតយ៉ាវបំផុតក្នុងការបាញ់ទឹកពន្លត់ ។

ដោយឡែកលោក ព្រហ្ម យ៉ន នាយការិយាល័យបង្កា និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា នៅក្នុងសប្តាហ៍នេះករណីអគ្គីភ័យបានកើតឡើងចំនួន៤ករណី គឺនៅខណ្ឌសែនសុខ២ករណី និងខណ្ឌដង្កោ២ករណី។ លោកថា ករណីអគ្គីភ័យខាងលើនេះភាគច្រើនផ្តើមចេញពីមូលហេតុឆ្លងចរន្តអគ្គិសនី មាន១ករណីដោយសារជាងផ្សារដែកនៅរោងចក្រផលិតចំណីសត្វ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោនៅវេលាម៉ោងម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៧។ លោកបន្ថែមថា ករណីអគ្គីភ័យ៤ករណីក្នុងសប្តាហ៍នេះពុំមាន គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ពាក់ព័ន្ធនឹងការិះគន់ខាងលើ លោក ព្រហ្ម យ៉ន បានបញ្ជាក់លើកឡើងថា តាមធម្មតាអ្នកធ្វើរមែងរងការរិះគន់ពីសំណាក់មិនធ្វើ។ លោកថា កាលពីមុនៗអាចធ្លាប់មានករណីយឺតយ៉ាវ បង្អែរបង្អង់ដូច្នេះមែន តែឡូវនេះមិន មានមន្ត្រីណាម្នាក់ហ៊ានយកលុយឬបង្អែបង្អង់ទៀតទេ គឺយើងសស្រាក់សស្រាំសម្បើមណាស់ ដូចករណីឆេះផ្ទះពលរដ្ឋនៅក្បែរផ្សារថ្នល់បត់ចឹង បើ ឡានទឹកចេញទៅមិនទាន់ទេនោះ ប្រហែលឆេះរាលដាលដល់ផ្ទះផ្សេងទៀតក៏ប៉ុន្តែកម្លាំងយើងបានទប់ស្កាត់ទាន់។

ក្នុងនោះផងដែរលោកក៏បានសំណូមពរ ដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះចរន្តភ្លើងមុនពេលចូលសំរាន្តគួរមើលឲ្យបានគ្រប់ជ្រុងជ្រោយបិតបារ៉ែតភ្លើង ឬកុងតាក់ណាមិនចាំបាច់បើក យើងបិទវាទៅ។ ជាពិសេសអ្នកប្រើប្រាស់កំប៉ុងហ្គាស បើកំប៉ុងចាស់ដូរវាចេញ កុំប្រើវា អាចផ្ទុះបង្កឡើងជាអគ្គិភ័យជាយថាហេតុ៕ តាឡឹម

...

Talem (1) Talem (4) Talem (5) Talem (3) Talem (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print