ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្លាប់ភ្លាមៗនៅនិងកន្លែង ក្រោយពីបើកម៉ូតូរ៉ុម៉កមកពីដើរលេងផ្ទះមិត្តភ័ក្រ ។ ហេតុការណ៍បាញ់សម្លាប់មនុស្សដ៏ព្រៃផ្សៃខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរស្តុបចំការមន (ជិតវត្តថាន់) តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលត្រូវខ្មាំងកាំភ្លើងបាញ់សម្លាប់ខាងលើមាននោះឈ្មោះ ឡុច រីម អាយុ២៧ឆ្នាំ មុខរបរជាអ្នករត់រ៉ុម៉ក់កង់បី (ម៉ូតូសណ្តោងរ៉ុម៉ក់) បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមប្រភពពីសាក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូសណ្តោងរ៉ុម៉ក់ ហៅ (កង់បី) ដែលមានគ្នា៣នាក់បានធ្វើដំណើកពីដើរលេងផ្ទះមិត្តភ័ក្ត្រនៅចាក់អង្រែ ហើយឆ្ពោះត្រឡប់ទៅផ្សារសូរីយ៉ាម៉ល់ ខណៈពេលដែលមកដល់ក្បែរស្តុបចំការមន នៅជិតវត្តថាន់ ក៏មានជនជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក់ icon មិនចាំស្លាកលេខ បានមកស្រែកឲ្យជនរងគ្រោះឈប់ៗ ដោយសារតែជនរងគ្រោះមិនស្គាល់គ្នាក៏មិនបានឈប់ ហើយជនសង្ស័យបានជិះម៉ូតូហួសទៅមុខបន្តិចក៏បានបក់ត្រលប់ក្រោយ មករកជនរងគ្រោះវិញហើយបានដកកាំភ្លើងខ្លីមួយដើមបាញ់មកលើជនរងគ្រោះចំនួន១គ្រាប់ចំឆ្អឹងជំនីខាងឆ្វេងធ្លាយទៅម្ខាង ធ្វើអោយជនរងគ្រោះដេកដួលលើដីឈាមហូរស្រោចខ្លួននិយាយបានតែ២-៣ម៉ាត់ក៏ស្លាប់នៅនឹងកន្លែង ចំណែកឯជនសង្ស័យក្រោយពីបាញ់រួច ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះអ្នកដែលរួមដំណើរនៅលើម៉ូតូសណ្តោងរ៉ុម៉ក់នោះបានជួយសង្រ្គោះហៅរថយន្តដឹកទៅមន្ទីរពេទ្យកាលម៉ែតផងដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងកងរាជអាវុធហត្ថបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ និងធ្វើកំណត់ហេតុ ដើម្បីវែកមុខជនដៃដល់មកផ្តោន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានយកមករក្សាទុកនៅក្នុងសាលរក្សាសាកសពបណ្តោះអសន្នក្នុងមន្ទីរពិសោធន៍លាងឈាម ក្បែរមន្ទីរពេទ្យកាល់ម៉ែត និងរងចាំប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ស រស្មី