ខេត្តកំពង់ចាម ៖ យុវជនម្នាក់មកលោតទឹកពីលើស្ពានគីហ្សូណាប៉ងសម្លាប់ខ្លួន បង្កឲ្យមានភាពភ្ញាក់ផ្អើលអស់មនុស្សម្នាមកចោមរោមមើល តែការប៉ងប្រាថ្នារបស់យុវជនរូបនេះមិនបានសម្រេចនោះទេដោយសារគេចេះហែលទឹកនិងបានហែលឡើងគោកវិញ។ អ្វីដែលចំឡែកនោះគឺរូបគេបានមកលោតទឹកពីលើស្ពានគីហ្សូណានេះ២ដងមកហើយ។
ហេតុការនេះកើតឡើងនៅម៉ោង៨,១០នាទីព្រឹកថ្ងៃទី២៤ ខែមិថុណា ឆ្នាំ២០១៧ នៅលើស្ពានគីហ្សូណាក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម។
លោក សឹង្គ ចាន់អូន អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា យុវជនខាងលើ ឈ្មោះហុង ដារ៉ូ អាយុ២២ឆ្នាំ រស់នៅភូមិចុងថ្នល់ទី១ សង្កាត់ក្រុងខេត្តកំពង់ចាម។
លោកបន្តថាមូលហេតុដែលនាំឲ្យគេមកលោតទឹកគឺដោយសារលើកមុនខឹងម្តាយមិនដណ្តឹងប្រពន្ធឲ្យ លើកនេះខឹងសុំលុយម្តាយ២០០$មកជួលផ្ទះនៅខាងក្រៅម្តាយមិនឲ្យ។ ចំណែកប្រភពពីអ្នកដឹងរឿងថាយុវជននេះកើតជំងឺសសៃប្រសាទ តែត្រូវម្តាយគេបដិសេធថាមិនមានជំងឺនេះព្រោះគ្រូពេទ្យពិនិត្យមើលរួចហើយ។
លោកអធិការបានបន្ថែមថា ក្រោយកើតហេតុជននេះត្រូវបានកម្លាំងនគរបាលហៅមកសួរនាំធ្វើរកំណត់ហេតុហើយប្រគល់ជូនទៅក្រុមគ្រួសារយកទៅផ្ទះវិញ។
លោកបន្តទៀតថា អ្វីដែលចំឡែកដដែលៗនោះជននេះពេលទៅដល់ផ្ទះបានរត់ឡើងលើដំបូលផ្ទះប៉ងលោតសម្លាប់ខ្លួនទៀតតែត្រូវបានក្រុមគ្រួសារឃាត់និងលួងលោមកាលពីវេលាម៉ោងជិត៣រសៀលនេះដោយមិនមានបញ្ហានោះទេ៕ វណ្ណៈ