ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាស ទី១ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងជាអនុប្រធាន ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
យោងតាមរបាយការណ៍បូកសរុបលទ្ធ ផលនៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៧ បាន បង្ហាញថា ក្រុមការងារបានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះ រកឃើញយានយន្ដល្មើសចំនួន ១៦៩, ៧៣១គ្រឿង ធ្វើការអប់រំ ចំនួន៤៨,៦៣៤ គ្រឿង និងធ្វើការពិន័យចំនួន១២១,០៩៧គ្រឿង ក្នុងនោះទទួលបានប្រាក់ពិន័យ ចំនួន២,៦៧៧,៨២០,០០០រៀល។
របាយការណ៍បន្ដថា ការត្រួតពិនិត្យជាតិស្រវឹងបានបន្ដយ៉ាងសកម្មដោយរកឃើញ អ្នកបើកបរមានជាតិស្រវឹងចំនួន២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការចំនួន១៧៧នាក់ (អ្នកបើករថយន្ដ ២២នាក់ និងអ្នកបើកម៉ូតូ១៥៥នាក់)។ ការត្រួតពិនិត្យសារធាតុញៀនលើកអ្នកបើកបរចំនួន១៦២នាក់ រកឃើញសារធាតុញៀន ចំនួន២៥នាក់ ក្នុងនោះអ្នកបើករថយន្ដ ចំនួន១៨នាក់។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបាន កើតឡើងនៅពាក់កណ្ដាលឆ្នាំ២០១៧នេះ មានចំនួន១,៨៨៣លើកបណ្ដាលឲ្យស្លាប់ ៩១៩នាក់ និងរបួស២,៩៨២នាក់ ដែលស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ៩៩នាក់ ខេត្តកណ្ដាល៨០នាក់និងខេត្តបន្ទាយមានជ័យ៦៨នាក់។
មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះរួមមាន ការបើកបរលើសល្បឿន កំណត់៣៨ភាគរយ មិនគោរពសិទ្ធិ១៦ ភាគរយ មិនប្រកាន់ស្ដាំ១២ភាគរយ ស្រវឹង១១ភាគរយ វ៉ាជែង១០ភាគរយ បត់១០ភាគរយ កត្កាយានយន្ដ៣ភាគរយ ងងុយ១ភាគរយ និងកត្កាផ្លូវ១ភាគរយ ។ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពី ឆ្នាំ២០១៦គឺកើនឡើង១៦លើក ហើយ អ្នកស្លាប់កើន១១នាក់ តែអ្នករងរបួសថយ ចុះ២៨២នាក់។
សម្តេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍ថា ចំនួនអ្នកស្លាប់ បើប្រើប្រៀបធៀបរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ បើធៀបនឹងរយៈពេល៦ខែដើមឆ្នាំ២០១៦ គឺអ្នកស្លាប់តែ៦នាក់ទេ ចាត់ទុកថា លទ្ធ ផលដែលយើងបានខិតខំធ្វើនេះ គឺវាស្ថិតនៅដដែលវាអត់មានអីប្រែប្រួលទេ ។
មូលហេតុបង្កគ្រោះថ្នាក់រួមមានការបើកបរលើសល្បឿនកំណត់៣៦ភាគរយ មិនគោរ សិទ្ធិ១៦ភាគរយ មិនប្រកាន់ស្តាំ ១២ភាគ រយ ស្រវឹង១១ភាគរយ វ៉ាជែង១០ ភាគរយ បត់១០ភាគរយ កត្តាយានយន្ត៣ភាគរយ ងងុយដេក១ភាគរយនិងកត្តាផ្លូវ១ភាគរយ។ នៅក្នុងចំណោមអ្នកស្លាប់៩១៩នាក់ ភាគ ច្រើនជាអ្នកជិះម៉ូតូមានចំនួន ៦៩៦នាក់ ស្មើ ៧៦ភាគរយ (ប្រភេទ១២៥សេសេចុះ ក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន៥៧១នាក់ ស្មើ៨២ភាគរយ ហើយ សម្តេចក្រឡាហោម បានលើកឡើងទាក់ទងការបើកបរលើសល្បឿន យើងត្រូវខិតខំរកវិធានការ។
សម្តេចក្រឡាហោមបានស្នើឲ្យក្រសួងប្រៃសនីយ៍ទូរគមនាគមន៍ ជម្រុញការផ្សព្វផ្សាយតាមទូរស័ព្ទ អំពីសុវត្ថិភាពតាមដងផ្លូវរបៀបរៀបរយតាមដងផ្លូវសាធារណៈ និងពិនិត្យឡើងវិញការបំពាក់ផ្លាកសញ្ញា គ្រឿងសញ្ញា និម្មិតសញ្ញា ដើម្ប ដោះស្រាយការកកស្ទះ និងបន្ថយល្បឿន ព្រមទាំងដាក់ភ្លើងបំភ្លឺចំណាំងផ្លាតនៅរបាំងបែងចែកទ្រូវផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធយើងធ្វើច្រើន ប៉ុន្តែវាមិនស្របជាមួយនឹងកំណើនយានយន្ត ពិសេសនៅរាជធានីភ្នំពេញ ៕