ភ្នំពេញ៖ នេះជាលើកទី២ហើយដែលគណះកម្មារការចម្រុះ រួមមានមន្ត្រីមន្ទីរឧស្សាហកម្ម ប្រធានការិយាល័យខណ្ឌ អធិការរង មេបញ្ជាការរងអាវុធហត្ថ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះផ្អាកទីតាំងផលិតទឹកកកមួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពិសេសធ្លាប់កើតមានបាតុភាពធ្លាយបំពង់ឧស្ម័នអាម៉ូញ៉ាក់ ចំនួន២លើក បង្កអោយឧស្ម័នសាយភាយមកខាងក្រៅរបួសមនុស្ស៦នាក់ផងដែរ ។
លោកឌី ខេមរុណ អភិបាលរងខណ្ឌមានជ័យ អោយដឹងថា ដោយមានបញ្ជារផ្ទាល់ពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជារអោយអាជ្ញាធរខណ្ឌមានជ័យ ធ្វើយ៉ាងណាត្រូវសហការជាមួយមន្ត្រីជាពាក់ព័ន្ធចុះបិទទីតាំងផលិតទឹកកកខាងលើនេះជាបន្ទាន់ ក្រោយកើតមានបាតុភាពធ្លាយបំពង់ឧស្ម័នអាម៉ូញ៉ាក់ ចំនួន២លើក បង្កអោយមានហនិភ័យធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ ។
អភិបាលរងខណ្ឌមានជ័យ ដដែលបន្តថា ទីតាំងខាងលើនេះ គឺជាទីតាំងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួង ឬមន្ទីរពាក់ព័ន្ធឡើយ ហើយចំពោះសង្វាក់ផលិតកម្ម នៃការផលិតទឹកកក គឺ ពុំមានលក្ខណះបទដ្ឋានបច្ចេកទេសតាមជំនាញអ្វីទាំងអស់
គួររំលឹកថា ទីតាំងខាងលើ គឺធ្លាប់កើតមានបាតុភាពធ្លាយបំពង់ឧស្ម័នចំនួន២លើក ដែលលើកទី១កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០១៦ និងលើកទី២ កាលពីព្រឹកថ្ងៃទី៣ កក្កដា ២០១៧ ។ ចំពោះករណីទាំង២លើក បានបណ្តាលអោយមន្ត្រីនគរបាលជំនាញអគ្គីភ័យ ៦នាក់ត្រូវរងរបួសសន្លប់ជាច្រើនម៉ោង ។
ឯកឧត្តមចាន់ ប៉ូរិន អគ្គនាយក នៃវិទ្យាស្ថានស្តង់ដារកម្ពុជា ឧស្ម័នអាម៉ូញាក់ គឺជាឧស្ម័នដែលអាចធ្វើអោយទឹកក កកលឿនឆាប់រហ័សបំផុត ។ បន្ថែមពីនោះ ផលប៉ះពាល់របស់វា គឺវាអាចធ្វើអោយមនុស្សហូរទឹកភ្នែក អស់កម្លាំង និងស្លេកស្លាំងជាដើមប្រសិនបើយើងស្រូបក្លិនរបស់វាចូលក្នុងខ្លួនប្រាណតិចល្មម ។ ប៉ុន្តែក្នុងករណី ប្រសិនបើយើងស្រូបក្លិននេះចូលក្នុងខ្លួនប្រាណច្រើន វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សួតរបស់យើង និងពិសេសអាចអោយមនុស្សសន្លប់បាត់បង់ស្មារតីក្នុងពេលមួយបប្រិច ៕ តាឡឹម
...