ភ្នំពេញ៖ នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ លុះនៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៧នេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំមន្រ្តីក្រោមឱវាទធ្វើពិធីប្រារព្ធផងដែរ ។
ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើងកាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តិបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិ កភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩.៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ
បានបន្តទៀតថា លោកពិតជាមានមោទនភាពនិងសូមកោតសរសើរចំពោះ ថ្នាក់ដឹកនាំនិងក្រុមការងារជំនាញនៃក្រសួងវប្បធម៍និងវិចិត្រសិល្បះ ដឹកនាំដោយលោកជំទាវ ភឿង សកុណា និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការរៀបចំឯកសារ និងមានទំនាក់ទំនងល្អប្រសើរជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការសម្រេចចុះបញ្ជីរមណីយដ្ឋានសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
លោកអភិបាលខណ្ឌ បានប ន្ថែមថា ការដាក់បញ្ចូល តំបន់ ប្រវត្តិសាស្ត្រ មួយ នេះ ចូលក្នុង បញ្ជី សម្បត្តិ បេតិកភណ្ឌ ពិភពនឹង រឹតតែ ជំរុញ ការយកចិត្តទុកដាក់ អំ ពី តម្លៃ ជា ប្រវត្តិសាស្ត្រ នៃ តំបន់ សំបូរ ព្រៃ គុកហ៍ និង បន្ត ថែរក្សា តំបន់ នេះ ឲ្យ បាន ខ្ជាប់ខ្ជួន សម្រាប់ កូនចៅ ជំនាន់ ក្រោយ ។
យោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចតេជោ ហ៊ុន សែន មាន៣ទំព័រ នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃកម្ពុជា បានណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នារៀបចំពិធី អបអរសាទរ បន្ទាប់ពី ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅម៉ោង១០ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង-ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខ័ណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឲ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្តាព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍ជាមោទនភាពជាតិ ដ៏មានសារៈសំខាន់នេះ ឲ្យបានទូលំទូលាយ និងអធិកអធមជាទីបំផុត។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។
បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕