ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីវ័យជំទង់ក្រមុំព្រំចារីយ៍ម្នាក់ បានប្រកាច់ធ្លាក់ចូលក្នុងប្រឡាយទឹកក្បែផ្ទះលង់ស្លាប់យ៉ាងរន្ធត់ ខណៈដែលក្មេងស្រីវ័យជំទង់ក្រមុំរងគ្រោះដើរមកពីស្ទូងស្រូវ នេះបើតាមការអះអាងពីសមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងប្រឡាយទឹកត្រង់ចំណុចចម្ងាយពីផ្ទះប្រមាណ ៨ម៉ែត្រ ស្ថិតក្នុងភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពនានាពីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ក្មេងស្រីក្រមុំវ័យជំទង់រងគ្រោះឈ្មោះ ឡាន់ គារ៉ា អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ(កន្លែងកើតហេតុ)។
ប្រភពខាងលើបន្តថាមុនកើតហេតុការណ៍នេះឡើង ក្មេងស្រីរងគ្រោះបានទៅស្ទូងស្រូវស្រែជាមួយអ្នកភូមិ លុះនៅម៉ោងប្រមាណ១១ និង១៥នាទី(ពេលហូបបាយថ្ងៃត្រង់) នាំគ្នាដើរត្រឡប់មកផ្ទះក្នុងគោលបំណងហូបបាយថ្ងៃត្រង់ តែចៃដន់នៅពេលដើរមកដល់ចំណុចកើតហេតុក៍បែកគ្នារៀងៗខ្លួន ស្រាប់តែនៅម៉ោងខាងលើឈ្មោះ ម៉ន សុខរៀម បានជិះកង់លើខ្នងប្រឡាយនោះក៍ប្រទះឃើញក្មេងរងគ្រោះទើបបង្កការភ្ញាក់ផ្អើលតែម្តង ទើបមានការសង្ស័យក្មេងស្រីរងគ្រោះអាចសន្ធិដ្ឋានបានថា ប្រកាច់ធ្លាក់ចូលក្នុងប្រឡាយទឹកលង់ស្លាប់យ៉ាងរន្ធត់បែបនេះ ខណៈដែលឪពុកឈ្មោះ ជុក សារ៉ អាយុ ៤៧ឆ្នាំ និងស្រ្តីជាម្ដាយឈ្មោះ ឃុន ចាន់ អាយុ ៤៣ឆ្នាំ បានអះអាងប្រាប់សមត្តកិច្ចនគរបាលជំនាញថា កូនស្រីរងគ្រោះរបស់ពួកគាត់ធ្លាប់ធ្លាក់ពីលើចុងដើមដូងកាលពីប៉ុន្មានឆ្នាំមុន ហើយកន្លងមកថ្មីៗចុងក្រោយនេះ ក៍ធ្លាប់ប្រកាច់ប៉ុន្មានដងរួចមកហើយដែរ តែពួកគាត់ក៍មិនទាន់បាននាំកូនទៅពិនិត្យសុខភាពរកមូលហេតុនោះដែរ មិននឹកស្មានថាស្រាប់តែជួបគ្រោះថ្នាក់បែបនេះនោះទេ។
ប្រភពខាងលើដដែលបន្តទៀតថា បន្តបន្ទាប់មន្រ្តីជំនាញទទួលបានព័ត៌មាននេះ បានចុះស្រាវជ្រាវជាក់ស្ដែង និងជុំវិញកន្លងកើតហេតុ ដើម្បីចាប់យកវត្ថុតាងនានាក្នុងករណីនេះ ទើបយើងអាចសន្ធិដ្ឋានបានថាជនរងគ្រោះអាចស្លាប់ដោយសារ ប្រកាច់ធ្លាក់ចូលក្នុងប្រឡាយទឹកលង់ស្លាប់ពិតប្រាកដមែន ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមនីតិវិធីប្រពៃណីខ្មែរ៕ បឹុម ពិន