នាវាដឹក ទាហាន និងអាវុធ ជាច្រើនរបស់ចិន បានធ្វើដំណើរឆ្ពោះទៅកាន់ សាធារណរដ្ឋ Djibouti ជាការត្រៀមលក្ខណ បើកទីតាំងយោធាជាលើកដំបូងរបស់ចិននៅក្រៅប្រទេស។ នាវាដឹកទាហាននិងអាវុធ បានចាកចេញពីប្រទេសចិន កាលពីយប់ថ្ងៃទី១១ខែកក្កដា ក្នុងគោលដៅបង្កើត ទីតាំងយោធា ជួយ ដល់ ប្រទេស Djibouti។
មេបញ្ជាការកងទ័ព ចិនលោក Shen Jinlong បានប្រកាសបង្កើតទីតាំងយោធា នៅពីរប្រទេស នៅទ្វីបអាហ្វ្រិក ។ ប៉ុន្តែចិនមិនបានប្រកាសថា ពេលណា និង ដំណើរការទីតាំងយោធានោះឡើយ។
ការដាក់ពង្រាយកម្លាំងទាហានខាងលើ ក្រោយពេលដែលរដ្ឋាភិបាលចិន និង Djibouti បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ កម្លាំងទាហានចិន នៅទីនោះនឹងផ្តល់ជំនួយ ក្នុងការការពារ រក្សាសន្តិភាព និង ជួយសង្គ្រោះ មនុស្សធម៌ នៅទ្វីបអាហ្វ្រិកក៏ដូចជា នៅអាស៊ីភាគខាងលិច។
សារព័ត៌មាន ស៊ីនហួរបានដកស្រងការប្រកាសរបស់កម្លាំងទាហាន ចិន បញ្ចាក់ថា«ទីតាំងយោធា នឹងជួយដល់សកម្មភាពរបស់ទាហានចិននៅក្រៅប្រទេស ក្នុងនោះមានកិច្ចសហប្រតិបត្តិការយោធា ធ្វើសមយុទ្ធរួម ជួយសង្គ្រោះបន្ទាន់ និងការពារពលរដ្ឋចិននៅក្រៅប្រទេស»។
ចិនបានចាប់ផ្តើមសាងសង់ទីតាំងយោធាតំបូងគេបង្អស់នៅក្នុងប្រទេស Djibouti នាឆ្នាំ២០១៦ ហើយនេះគ្រាន់តែជាទីតាំងទី១របស់ចិន។
ប្រទេស Djibouti គឺជា ទីលាន របស់ប្រទេសមហាអំណាច ពិភពលោក ដូចជា អាមេរិក បារំាងជប៉ុន …គឺមានទីតាំង យោធានៅទីនោះ។ មូលហេតុ ដែលប្រទេសមហាអំណាចដាក់ទីតាំងយោធានោះដោយសារតែ ប្រទេសនេះជាប់ព្រំដែន សូម៉ាលី យ៉េម៉ែន Ethiopia សូដងខាងត្បូង គឺជាតំបន់ក្តៅនៅលើពិភពលោក។
ចំណែកចិននិងប្រទេស Djibouti បានចុះកិច្ចព្រមព្រៀង ស្តិពីសន្តិសុខការពារជាតិនៅឆ្នាំ២០១៤។ នៅពេលនេះទីតាំងយោធា កំពុងស្ថិតនៅក្នុងតំណាក់កាលសាងសង់ ។ ដីដែលសាងសង់ទីតាំងយោធានោះគឺជួល ក្នុងតម្លៃ ២០លានដុល្លារក្នុងមួយឆ្នាំ។
ការដែលបង្កើតទីតាំងយោធានៅក្រៅប្រទេសនោះគឺជាសញ្ញាមួយបង្ហាញឲ្យឃើញថា ចិនចាប់ផ្តើមដើរតួនាទីសំខាន់នៅលើពិភពលោក ដោយត្រូវបង្កើតទីតាំងយោធាជាច្រើននៅក្រៅប្រទេស ។នៅពេលខាងមុខ ចិននិងមានទីតាំងយោធាជាច្រើនទៀត នៅក្រៅប្រទេស៕