អាណាព្យាបាលសិស្សវិទ្យាល័យសម្តេចឪក្រុងសិរីសោភ័ណ ចោទប្រកាន់គ្រូបង្រៀនប្រឡងយកប្រាក់ និងកិបកេងម៉ោងរដ្ឋបង្រៀនគួរយកប្រាក់ពីសិស្ស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អាណាព្យាបាលសិស្សវិទ្យាល័យសម្តេចឳក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទប្រកាន់គ្រូបង្រៀនប្រឡងប្រចាំខែយកប្រាក់ពីសិស្សនិងកិបកេងម៉ោងរដ្ឋទៅបង្ហាត់បង្រៀនគួរសិស្សយកប្រាក់ហើយការបង្រៀនគួរក្រៅម៉ោងពីសំណាក់គ្រូបង្រៀននោះដែរការ បង្ហាត់សិស្សមិនបានដិតដល់ថែមទៀត ។

បញ្ហានេះនាំឱ្យអាណាព្យាបាលសិស្សព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់នៃការសិក្សានិងអនាគតកូនៗពួកគាត់ ។

បើតាមប្រភពព័ត៌មានពីអាណាព្យាបាលសិស្សបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថាគ្រូបង្រៀនដែលយកប្រាក់នៅ ពេលប្រឡងប្រចាំខែនោះភាគច្រើនគ្រូបង្រៀនថ្នាក់ទី៧ និងទី៨ ការប្រឡងមួយមុខវិជ្ជាយកប្រាក់ពីសិស្ស១ពាន់ រៀល បើសិនប្រឡង១១មុខវិជ្ជាក្នុងមួយខែកូនគាត់ត្រូវចំណាយប្រាក់អស់ជាង១ម៉ឺនរៀល។ការយកប្រាក់នោះត្រូវបានគ្រូបង្រៀន និយាយថាយកថ្លៃក្រដាសសម្រាប់វិញ្ញាសាប្រឡង ។ អាណាព្យាបាលសិស្សមានការងឿងឆ្ងល់ថារៀននៅសាលារដ្ឋហេតុអ្វីបានជាគ្រូយក ប្រាក់ពីសិស្សទៅវិញ ឬប្រាក់ខែគ្រូតិចពេក ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថាមានសិស្សក្រីក្រមួយចំនួនឪពុក ម្តាយខ្វះលទ្ធភាពអត់មានប្រាក់ឱ្យកូនទៅសាលាតែត្រូវពេលប្រឡងគ្រូតម្រូវឱ្យបង់ប្រាក់១ពាន់រៀល។នៅពេលកូនគាត់ប្រាប់ថាឳពុកម្តាយក្រណាស់គ្មានប្រាក់បង់នោះទេថែមទាំងសំពះអង្វរគ្រូសុំជំពាក់ ថែមទៀតក៏គ្រូមិនព្រមដែរដោយមិត្តភក្តិរួម ថ្នាក់ឃើញអាណិតក៏ឱ្យប្រាក់១ពាន់រៀលបង់ឱ្យទើបគ្រូអនុញ្ញាតឱ្យប្រឡង ។

ប្រភពព័ត៌មានពីអាណាព្យាបាលសិស្សដដែលឱ្យដឹងទៀតថា គ្រូបង្រៀននៅថ្នាក់ ទី៧និងទី៨វិទ្យាល័យសម្តេចឳនោះដែរ ភាគច្រើនការបង្ហាត់បង្រៀនសិស្សនៅក្នុងម៉ោងរដ្ឋ គឺបង្រៀនមិនគ្រប់ម៉ោងនោះឡើយក្នុងមួយព្រឹក៤ម៉ោងប៉ុន្តែគាត់បង្រៀន សិស្សមិនគ្រប់ម៉ោងនោះទេបង្រៀនត្រឹម ៣ម៉ោងកន្លះ ដោយកិបកេងកន្លះម៉ោងទៅបង្រៀនគួរសិស្សក្រៅម៉ោងនៅក្នុងសាលារដ្ឋនោះថែមទៀត ។ការរៀនគួរនោះសិស្សម្នាក់ៗបង់ប្រាក់១ពាន់រៀលហើយរៀនគួរនោះដែរក៏គ្រូបង្ហាត់បង្រៀនត្រឹមតែពី២០នាទីទៅ៣០នាទីប៉ុណ្ណោះលើមុខវិជ្ជាគណិត វិទ្យា រូបគីមីវិទ្យា និងអក្សរសាស្រ្តខ្មែរ។

បញ្ហានោះធ្វើឱ្យគាត់ជាអាណាព្យាបាលត្រូវចំណាយប្រាក់ជាច្រើនសម្រាប់កូនបង់ប្រាក់ឱ្យគ្រូថ្លៃរៀនគួរនិងបង់ប្រាក់ថ្លៃប្រឡងប្រចាំខែ។ ការបង្ហាត់បង្រៀនគួរសិស្សក្រៅម៉ោងនោះដែរគ្រូបង្រៀនទាំងនោះមិនបាន យកចិត្តទុកដាក់បង្រៀនពន្យល់សិស្សឱ្យបានដិតដល់នោះឡើយ គ្រាន់តែលក់ ក្រដាសមេរៀនរួចហើយសិស្សណាជជែកគ្នាលេងក៏ជជែកតាមតែអំពើចិត្តនៅពេលដល់ម៉ោងឱ្យចេញទៅផ្ទះ។កូនគាត់ខ្លះឃើញតែរៀនគួរប៉ុន្តែមកដល់ផ្ទះវិញគ្មានចេះអ្វី ទាល់តែសោះ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា បើកូនគេអ្នកមានវាគ្មានបញ្ហាអ្វីនោះទេ ប៉ុន្តែសម្រាប់កូនអ្នកក្រីក្រវិញគ្មានលទ្ធភាពចំណាយបង់ប្រាក់ទៅឱ្យគ្រូបង្រៀននោះឡើយ បញ្ហានេះមានសិស្សមួយចំនួនក៏បានបោះបង់ចោលការសិក្សាដែរ ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើពីអាណាព្យាបាលសិស្ស នាយកវិទ្យាល័យ សម្តេចឪ លោក គឹម ស្រូយ បានប្រាប់ ឱ្យ ដឹងបញ្ហានោះនៅវិទ្យាល័យសម្តេចថាលោកទទួលស្គាល់ពិតជាកើតមានរឿងបែបនោះមែន ។ មានគ្រូខ្លះបង្រៀន យកប្រាក់ពីសិស្ស និងបង្រៀនគួរនៅក្នុងម៉ោងរដ្ឋ លោកក៏ធ្លាប់បានយកមកព្រមានអប់រំរួចហើយផងដែរ។ គ្រូដែលប្រព្រឹត្តកំហុសជាច្រើនដង លោកក៏ធ្លាប់រាយការណ៍ទៅមន្ទីរអប់រំខេត្ត ប៉ុន្តែខាងថ្នាក់លើគេមិនសូវអើពើឡើយ។

លោកនាយកវិទ្យាល័យសម្តេចឳប្រាប់ឱ្យដឹងទៀតថា បញ្ហានោះលោកនឹងតាម ដានបន្ថែមទៀត ហើយលោកអំពាវ នាវឱ្យអាណាព្យាបាលសិស្សប្តឹងរាយការណ៍មកលោកផ្ទាល់ ដើម្បីមានវិធានការចំពោះគ្រូបង្រៀនរូបនោះ ។

អ្នកយកព័ត៌មាន នគរដ្រេហ្គន http://nkdnews.com/ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានទូរស័ព្ទ ទៅលោក ស្តើង តុងហុឹង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ជាច្រើនលើកដើម្បីសុំការពន្យល់ប៉ុន្តែទូរស័ព្ទលោក​ហៅចូលគ្មានអ្នកឆ្លើយតប ។ ដោយឡែកលោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យទទួលការងារអប់រំអ្នកយកព័ត៌មាន នគរដ្រេហ្គន សុំការពន្យល់តែលោកប្រាប់ថាកំពុងជាប់ប្រជុំ។

សូមបញ្ជាក់ថារឿងអាស្រូវគ្រូបង្រៀនយកប្រាក់សិស្សនៅពេលប្រឡង និងយកម៉ោងរដ្ឋទៅបង្រៀនគួរសិស្សយកប្រាក់បានកើតឡើងជាយូរឆ្នាំមកហើយ ។ មិនត្រឹមតែ វិទ្យាល័យសម្តេចឪនោះទេសូម្បីតែសាលា មួយចំនួនក៏កើតមានបាតុភាពដូចគ្នានេះដែរ ប៉ុន្តែ បញ្ហានេះ គេមិនទាន់ឃើញមានការដោះស្រាយនិងវិធានការណាមួយឱ្យមានប្រសិទ្ធភាពពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំនៅឡើយទេ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print