ភ្នំពេញ៖ បុរស៣នាក់ត្រូវបានក្រុមសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែ ក្រោម សហការនិងកម្លាំងនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះ៧៩ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាមួយនិងថ្នាំញៀនចំនួន៤កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយផងដែរ។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប៉ុសិ៍្តរបាលចាក់អង្រែក្រោមសហការនឹងសាលាសង្កាត់ចាក់អង្រែក្រោមបានចុះត្រួតពិនិត្យរដ្ឋបាលក្នុងមូលដ្ឋាននៅចំណុចផ្ទះលេខ៧៩ ផ្លូវលំ ភូមិទួលរកា ក៏បានចាប់ឃាត់ខ្លួនបុរស៣នាក់ពីបទ ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ជនសង្ស័យ៣នាក់មានឈ្មោះ ១/ ទេព បញ្ញាសាមឌី ហៅខ្លឹង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ២/ ធី ចាន់ភិរម្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ និងទី៣/ កេត ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ១១៥៩ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា(សង្ស័យថ្នាំញៀន)ចំនួន៤ថង់កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់ គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចាស់២គ្រឿងផងដែរ។
លោកអធិការរងខណ្ឌមានជ័យបន្តថា បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម