ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវអ្នកលក់គ្រឿងអលង្កាចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួបន្ទាប់ពីរូបគេបានយកខ្សែដៃកាឡៃ១ខ្សែទំងន់៦ជីយកទៅបញ្ចាំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៧ខែកក្តដា ឆ្នាំ ២០១៧នៅចំណុចផ្ទះ លេខ១៦៣ផ្លូវបេតុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថាជនសង្ស័យមានឈ្មោះ ទិត វណ្ឌី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតស្នាក់នៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំកាមន។និងមានស្រុកកំណើតក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែកដើមបណ្តឹងមានឈ្មោះ សាន់ ស្រីទូច ភេទស្រីអាយុ៣៤ឆ្នាំមុខរបរលក់គ្រឿងអលង្កា ស្នាក់នៅផ្ទះលេខ១៦៣ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីស្ត្រីដើមបណ្តឹងបានអោយដឹងថា នៅមុននិងឃាត់ខ្លួនជនសង្ស័យខាងលើដោយសារតែរូបគេ(ជនសង្ស័យ)បានយកខ្សែដៃ១ខ្សែដែលមានទំងន់៦ជីហើយដាក់បញ្ចាំក្នុងតម្លៃ៥០ដុល្លា។ពេលនោះរូបគាត់បានយកខ្សែដៃនោះទៅពិនិត្យក៍ឃើញថាជារបស់ក្លែងក្លាយទើបឃាត់ខ្លួនហើយរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកអន្តរាគមន៍តែម្តង។
ប្រភពដដែលបន្តទៀតថា អ្វីដែលធ្វើអោយគាត់សង្ស័យនោះគឺក្នុងខែកក្តដានេះមានក្រុមសង្ស័យចំនួន៤នាក់បានយកខ្សែក ខ្សែដៃ កងដៃ មកបន្លំបញ្ចាំដោយគាត់ចំណាយប្រាក់អស់ចំនួនជាង៦០០ដុល្លាហើយក៍គេចខ្លួនលុះដល់ថ្ងៃកើតហេតុស្រាប់តែមានជនសង្ស័យខាងលើបានយកខ្សែដៃទំងន់ដល់ទៅ៦ជីមកបញ្ចាំដោយយកប្រាក់ត្រឹមតែ៥០ដុល្លាធ្វើអោយគាត់មានការសង្ស័យក៍យកទៅពិនិត្យទើបដឹងថា កាឡៃ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថា ខ្សែដៃនេះមានទំងន់៤ជីជារបស់ប្រពន្ធខ្លួនដែលទិញនៅផ្សាច្បាអំពៅក្នុងតម្លៃជាង៤០០ដុល្លារ។ហើយនៅថ្ងៃកើតហេតុប្រពន្ធខ្លួនបានទៅធ្វើការរោងចក្រហើយរូបគេអត់លុយចាយក៍យកខ្សែដៃនោះទៅដាក់បញ្ចាំចំនួន៥០ដុល្លាស្រាប់តែម្ចាស់ផ្ទះលក់គ្រឿងអលង្កាថាជារបស់ក្លែងក្លាយក៍ឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
តុង សីហា