កូរ៉េខាងជើង ធ្លាប់បានប្រមាណជាច្រើនលើកថា នឹងបើកការវាយប្រហារ ទៅលើទីតាំងយោធាអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អាមេរិក ហើយក៏ស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់កូរ៉ែខាងជើងផងដែរ បើកូរ៉េខាងជើងរងការវាយប្រហារពីអាមេរិកនោះ។ សកម្មភាពរបស់កូរ៉េខាងជើង មិនខុសអ្វីពីការ យកកូរ៉េខាងត្បូងនិងជប៉ុនធ្វើជាដំណាប់ខ្មាំង ទប់ស្កាត់ការវាយប្រហាររបស់អាមេរិកនោះទេ។
កន្លងមកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានព្រមានថាកូរ៉េខាង ជើង អាចនឹងបើកការវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាងហើយការដែលវាយប្រហារនោះគឺដោយសារតែចិន មិនដាក់គំនាបទៅលើកូរ៉េខាងជើង ដើម្បីឲ្យបញ្ចប់សកម្មភាពអាវុធ ដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។
លោក Malcolm Turnbull បានបញ្ជាក់ ថាការគំរាមកំហែងរបស់កូរ៉េខាងជើងនាពេលនេះ ដោយសារតែសហគមន៍អន្តរ ជាតិពិសេសគឺប្រទេសចិនដែលមិនបញ្ចេញសកម្មភាពរារាំងទីក្រុងព្យុងយ៉ាងប្រកបដោយប្រសិទ្ធភាព។លោកបន្តទៀតថា កូរ៉េខាងជើងពិតជាបានគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់និងនៅលើពិភព លោកទាំងមូល។
លោក Malcolm Turnbull បញ្ជាក់ទៀត ថាអូស្ត្រាលី មិនមានមីស៊ីលការពារទំនើបៗដូចជាមីស៊ីល THAAD ដែលអាមេរិកបានដាក់ពង្រាយនៅកូរ៉េខាងត្បូងឡើយប៉ុន្តែប្រព័ន្ធមីស៊ីលការពាររបស់អូស្ត្រាលីក៏គ្រប់គ្រាន់សម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើងផងដែរ។
នៅពេលនេះមិនថាប្រទេសអូស្ត្រាលីឡើយគឺមានប្រទេសជាច្រើនទៀតនៅក្នុងតំបន់ក៏ព្រួយបារម្ភដូចគ្នាដែរដោយ សារ សង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េ អាចប៉ះពាល់ដល់តំបន់អាស៊ីទាំងមូល។
ការដែលកូរ៉េខាងជើងមិនខ្លាច បានធ្វើឲ្យមន្ត្រីការបរទេសអាមេរិកលើកឡើងថាបើនៅពេលចាំបាច់ អាមេរិកនឹងពិភាក្សា មួយទល់នឹងមួយជាមួយកូរ៉េខាងជើងដើម្បីបញ្ចប់ស្ថានភាព តើកូរ៉េខាងជើង ចង់បានអ្វីដើម្បីបញ្ចប់កម្មវិធីបរមាណូ។
សំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កំពុងធ្វើឲ្យសហគមន៍អន្តរជាតិសស្រាក់សស្រាំ ស្វែងរកដំណោះស្រាយដើម្បីបញ្ចៀសការប្រើប្រាស់កម្លាំងតាមដែលសហរដ្ឋអាមេរិក ធ្លាប់បានព្រមាន។ កាលពីល្ងាចថ្ងៃសុក្រទី ២៨មេសា លោករដ្ឋ មន្ត្រីការបរទេសសហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រជុំពិសេសមួយ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខដើម្បីរួមគ្នាដាក់ទណ្ឌកម្មបន្ថែមលើរបបផ្តាច់ការព្យុងយ៉ាង។ នៅប៉ុន្មានម៉ោងមុនកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ការបរទេសអាមេរិកថែមទាំងបាននិយាយ ថាបើចាំបាច់អាមេរិកនឹងចរចាដោយផ្ទាល់ទ្វេភាគីជាមួយកូរ៉េខាងជើង។
បន្ទាប់ ពីបានគំរាមប្រើកម្លាំងនិងបានបញ្ជូននាវាចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ កាល ពីថ្ងៃសុក្រកន្លងទៅនេះសហរដ្ឋ អាមេរិកហាក់បានបញ្ចេញយុទ្ធសាស្ត្រថ្មីតាមរយៈការផ្តល់អាទិភាពទៅលើការចរចាដោយសន្តិវិធី ជាមួយកូរ៉េខាងជើង ជាជាងការប្រើកម្លាំងវាយបក។ យ៉ាងណាមិញ លោក ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែងកាលពីថ្ងៃសុក្រដែរថា លោកអាចនឹងប្រើ កម្លាំងវាយសង្រ្គប់កូរ៉េខាងជើងតែ ជាបឋមលោកចង់ផ្តល់អាទិភាព ដល់ការចរចាផ្លូវ ទូតជាមុនសិន។
មុនពេលចូលទៅដឹកនាំការប្រជុំ ពិសេសនៃរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងបទសម្ភាសន៍ តាមវិទ្យុ NPR លោក Rex Tillersonរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា បើចាំបាច់ សហរដ្ឋ អាមេរិក ត្រៀមខ្លួនចរចា ដោយផ្ទាល់ មួយទល់នឹង មួយជាមួយនឹងកូរ៉េខាងជើង។ លោករដ្ឋ មន្ត្រីរូបនេះ បានបញ្ជាក់ថា អ្វីដែលអាមេរិកចង់បាន គឺតែមួយគត់ គឺបិទបញ្ចប់កម្មវិធី នុយក្លេអ៊ែររបស់កូរ៉េខាងជើងតែម្តងមិន ត្រឹមតែផ្អាកមួយរយៈនោះទេ។ លោកបន្ថែម ថា អាមេរិក បានដកអាវុធនុយក្លេអ៊ែរចេញ ពីតំបន់ឧបទ្វីបកូរ៉េ អស់រលីងហើយ ។ ដូច្នេះ កូរ៉េខាងជើងក៏ត្រូវតែលុបចោលកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនដែរ ។
បន្ថែមពីនេះ លោក Rex Tillersonបាននិយាយថា កម្មវត្ថុរបស់អាមេរិក គឺមិនខុសពីចិនទេ។ អាមេរិក គ្មានចេតនា ណាមួយទៅផ្តួលរំលំរបបដឹកនាំរបស់កូរ៉េខាងជើងទេ ហើយក៏មិនចង់ទៅជំរុញ ឲ្យកូរ៉េទាំងពីរ រួបរួមគ្នាជាប្រទេសតែមួយឡើងវិញដែរ។ អ្វីដែលអាមេរិកចង់បានគឺកូរ៉េ ខាងជើងត្រូវតែគ្មានអាវុធនុយក្លេអ៊ែរហើយងាកមកអភិវឌ្ឍសេដ្ឋកិច្ចដែលអាមេរិកចាំត្រៀមខ្លួនជួយ។
ដោយឡែក នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រ លោក Rex Tillersonបានបញ្ជាក់ជាថ្មីម្តងទៀតថា គ្រប់ជម្រើសទាំងអស់ទាំងផ្លូវទូតទាំងផ្លូវ ទ័ព ត្រូវយកមកដាក់លើតុព្រោះថាយើងមិនអាចប្រហែសជាមួយនឹងកូរ៉េខាងជើងបានឡើយ។ សមត្ថភាពរបស់កូរ៉េខាងជើងអាចវាយប្រហារជប៉ុន និងកូរ៉េខាងត្បូង បានយ៉ាងងាយ ហើយក្នុងពេលដ៏ឆាប់ ខាងមុខកូរ៉េខាងជើងប្រាកដជាអាចផលិត អាវុធ ទៅវាយប្រហារដល់អាមេរិកផងក៏ថា បាន។
លោករដ្ឋមន្ត្រីអាមេរិក បានដំឡើងសម្ដី ចំៗ នៅចំពោះមុខ លោកវ៉ាង យីរដ្ឋមន្ត្រី ការបរទេសចិន ដែលមានមុខនៅក្នុងអង្គ ប្រជុំថាចំណូលរបស់កូរ៉េខាងជើង បាន មកពីពាណិជ្ជកម្មក្រៅប្រទេស ចំនួន៩០% គឺបានមកពីចិនដូច្នេះ ចិនមានតួនាទីធំ ណាស់ ក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើង។លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងត្រូវជួបមួយទល់នឹងមួយ ជាមួយលោករដ្ឋមន្ត្រីការបរទេសចិន ក្នុងពេលដ៏ ឆាប់នេះដែរ ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រទេស សមាជិកអាស៊ានទាំង១០ បានចេញសេចក្តីប្រកាសរួមមួយ ដែលសេចក្តី ប្រកាសគោលជំហររួមនោះ គឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ គឺសមាគមអាស៊ានបានសម្តែងការព្រួយបារម្ភខ្លាំងទាក់ទិនទៅនឹងសកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរនិង មីស៊ីល បាលីស្ទីក ម្តងហើយម្តងទៀត របស់កូរ៉េខាងជើង។រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ប្រកាសយ៉ាងម៉ឺងម៉ាត់ថាកូរ៉េខាងជើងត្រូវតែគោរពការសម្រេចរបស់អង្គការសហប្រជាជាតិដែលបានហាមឃាត់មិនឲ្យធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ និង បាលីស្ទ៊ីក។
លិខិតរបស់រដ្ឋមន្ត្រីកូរ៉េខាងជើង មិនបានធ្វើឲ្យសមាគមអាស៊ានប្តូរចិត្តទេ។ក្នុង ចំណោមប្រទេសអាស៊ានទាំង១០ ជាទូទៅគេដឹងថា មានកម្ពុជា និងឡាវដែលកន្លងមក មានទំនាក់ទំនងល្អជាមួយនឹងកូរ៉េខាងជើង។ តែយ៉ាងណាក្នុងសំណុំរឿងនេះ វាជារឿងមិនអាចទៅរួចទេ ដែល សមាជិកអាស៊ាន ត្រូវទៅថ្កោលទោសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់អាស៊ាន។តែយ៉ាងណា នៅក្នុងសេចក្តី ប្រកាសនេះ អាស៊ានបានអំពាវនាវសុំឲ្យភាគីពាក់ព័ន្ធទាំងអស់ មិនថាកូរ៉េទាំងពីរ សហរដ្ឋអាមេរិកជប៉ុន ឬចិន ត្រូវតែបន្ធូរ បន្ថយឥរិយាបថរៀងៗខ្លួន ប្រឹងអត់ធ្មត់ កុំ ជំរុញឬក៏ធ្វើអ្វីដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរជាងនេះ៕ ម៉ែវ សាធី