សមត្ថកិច្ចកងរាជអាវុធឃាត់ខ្លួនបុរសម្នាក់ តែងតែគំរាមទារប្រាក់ពីប្រជាពលរដ្នដឹកអុស និងជំនៀរឈើ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កាលពីម្សិលម៉ិញកំលាំងកងរាជាអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនបុរស់នាក់ល្បីខាងយកឈ្មោះអ្នកធំទៅគំរាមទារប្រាក់ពីប្រជាពលរដ្ឋ នៅតាមទីប្រជុំជន និងនៅតាមជនបទ ដែលប្រកបមុខរបរមិនសូវត្រូវច្បាប់។
 ប្រជាពលរដ្ឋ ដែលកាប់ឈើ ឬដឹកឈើបន្តិចបន្តួច ដើម្បីចឹញ្ចឹមជីវិត នៅក្នុងខេត្តកំពង់ធំ បាននាំគ្នាខឹងសប្បារ និងក្ដៅក្រហាយយ៉ាងខ្លាំង ចំពោះបុរសម្នាក់ឈ្មោះ ឆេង សុខអេង ដែលតែងតែគំរាមទារប្រាក់ ពីការដឹកអុស និងជំនៀរឈើ រួចក៏នាំគ្នាសរសេរពាក្យបណ្ដឹងប្ដឹងទៅសាលាដំបូងខេត្ត ដើម្បីឲ្យចាប់ខ្លួនបុរសដើរទារប្រាក់បែបចំហនេះ។
កាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៧ បរុសម្នាក់ឈ្មោះ ឆេង សុខអេង អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជំរិតទារប្រាក់ពីអ្នកដឹកឈើតាមគោយន្តកន្ត្រៃមួយគ្រឿង ដោយទារ យកលុយចាប់ពី១៥ម៉ឺនរៀល រហូតដល់៥០ម៉ឺនរៀល។
ដោយឃើញទង្វើអាក្រក់ពេក ប្រជាពលរដ្ឋខ្លះ ដែលកំពុងនៅក្បែរកន្លែងកើតហេតុនេះ បានហៅទូរស័ព្ទរាយការណ៍ទៅកំម្លាំងសមត្ថកិច្ចស្រុកបារាយណ៍ ហើយក្រោមការយល់ព្រមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ទើបមន្ត្រីអាវុធហត្ថស្រុក បានចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយដកហូតវត្ថុតាងមួយចំនួន មានដូចជារថយន្តសម្រាប់ជិះធ្វើសកម្មភាពមួយគ្រឿង ម៉ាកលុចស៊ីសRX៣០០ លិខិតបេសកម្មក្លែងក្លាយ ប្រាក់ជំរិតបានពីប្រជាពលរដ្ឋ និងសម្ភារៈផ្សេងៗទៀត ដែលប្រើឲ្យសកម្មភាពល្មើស។ពេលនេះ មន្ត្រីកងរាជអាវុធហត្ថស្រុកបារាយណ៍ កំពុងសួរយកចម្លើយពីជនសង្ស័យរូបនេះ ដើម្បីកសាងសំណុំរឿងទៅតុលាការពីបទកំហែងយក ដោយខុសច្បាប់។
នៅក្នុងខេត្តកំពង់ធំតែងតែកើតមានសកម្មភាពសម្លុតយកប្រាក់ពីប្រជាពលរដ្ឋជាហូរហែ ដូចកាលពីខែមុន បុរសបីនាក់បានក្លែងខ្លួនជាអ្នកកាសែត ជាមន្ត្រីបង្ក្រាបបទល្មើសបំផ្លាញព្រៃលិចទឹក និងបុរសម្នាក់ទៀត ក្លែងខ្លួនជាមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយ បានបបួលគ្នាសម្លុតទារប្រាក់ជាង៧០០០ដុល្លារ ពីកសិករម្នាក់ នៅក្នុងស្រុកស្ទោង ដោយចោទកសិកររូបនេះថា ទន្ទ្រានយកព្រៃលិចទឹកដោយខុសច្បាប់។ រហូតមកដល់ថ្ងៃនេះ បុរសទាំងបីនាក់នោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ៕  ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print