ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀលរិះគន់ លោកម៉ៅដែលដឹកដីលក់បណ្ដាលឲ្យខូចផ្លូវលំមួយខ្សែ បង្ក ការពិបាកដល់ការធ្វើដំណើរទាំងនៅរដូវ វស្សានិងរដូវប្រាំងពិសេសសិស្ស ជិះកង់ ម៉ូតូទៅរៀន ។
ប្រជាពលរដ្ឋរស់នៅភូមិទទា សង្កាត់ ក្របីរៀល ក្រុងសៀមរាប បានប្រាប់ឲ្យដឹង ថា ផ្លូវ១ខ្សែនេះខូចខាតដោយសារតែរថយន្តធំៗដឹកដីរបស់ លោកម៉ៅបើកឆ្លងកាត់ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរ ហើយផ្លូវនេះខូចខាតខ្លាំងរយៈពេលជាង ១ឆ្នាំធ្វើឲ្យប្រជាពលរដ្ឋគាត់ពិបាកធ្វើ ដំណើរឆ្លងកាត់ ហើយបើនិយាយទៅ នៅរដូវវស្សាមានទឹកលិចបែកភក់ និងនៅ រដូវប្រាំងដីហុយធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។ ម្យ៉ាងទៀតរថយន្ដដឹកដីចាប់ផ្ដើមដឹកពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៥ ល្ងាចជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃមាន ប្រមាណ១០០គ្រឿង ។
ពួកគាត់បានបន្ថែមថា ក្រុមរថយន្ដដឹក ជញ្ជូនដីនោះ ជារបស់ថៅកែឈ្មោះ ម៉ៅ ប៉ុន្ដែមិនដឹងថា មានច្បាប់អនុញ្ញាតឬក៏អត់ នោះទេ ថៅកែជីកដីនេះ មិនត្រឹមតែជីក រណ្ដៅដីជ្រៅដល់ក្បាលប្រេត និងទំហំធំៗ ប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញព្រៃលិច ទឹកនៃបឹងទន្លេសាបទៀតផង ។
ទាក់ទិននឹងករណីនេះអាជ្ញាធរសង្កាត់ ក្របីរៀលបានទទួលស្គាល់ថា ផ្លូវនេះខូចខាតដោយសាររថយន្ដដឹកដីររបស់ថៅកែឈ្មោះមៅនោះមែន។ ប្រជាពលរដ្ឋទាំង ១២ភូមិ ក្នុងសង្កាត់ក្របីរៀលនេះ គ្មានផ្លូវណាផ្សេងអាចធ្វើដំណើរជំនួសបានឡើយ ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្ដ សៀមរាបធ្លាប់មានប្រសាសន៍នៅក្នុងពិធី សម្ភោធបើកការដ្ឋានផ្លូវមួយខ្សែប្រវែង ១៣០០ម៉ែត្រ កាលពីថ្ងៃទី៨ខែកក្កដាថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចហ៊ុន សែន ជាប្រធាន នៅតែបន្ដអភិវឌ្ឍផ្លូវជាបន្ដបន្ទាប់ បើទោះបីនៅឃុំ សង្កាត់ខ្លះ មានមេឃុំបក្សផ្សេងដឹកនាំក៏ដោយ ៕ ប៊ុន រិទ្ធី