ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមតំបន់ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៧ លោកសុខ សម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចូលរួមពិធី ក្រុង ពាលី និងបើកការដ្ឋានស្ថាបនាស្ពានថ្មនៅក្នុងភូមិកោះរងៀង សង្កាត់ ពន្សាំង ដោយមានការចូលរួមពីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោកស្រី អភិបាលរងខណ្ឌ ប្រធានរដ្ឋបាល មន្ត្រីកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ ប្រធានភូមិ និងប្រជាពលរដ្ឋមកពី២៤ភូមិក្នុងសង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ។
ថ្លែងនៅក្នុងអង្គពិធី លោកសុខ សម្បត្តិអភិបាលនៃគណៈអភីបាលខណ្ឌព្រែកព្នៅបានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចូលរួមយ៉ាងច្រើនកុះករ លោកសុខ សម្បត្តិបានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្នប្រទេសជាតិយើងមានការរីកចំរើន និងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងការស្តារមុខមាត់ថ្មីក្រោយពីសង្គ្រាមរាំរ៉ៃអស់រយៈកាលជាង៣ឆ្នាំ ក្នុងសម័យដ៏ខ្មៅងងឹតនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ កាប់សម្លាប់មិនរើសមុខ ។
លោកសុខ សម្បត្តិ បន្តថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គសេនាបតីតេជោហ៊ុន សែនបានខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធ ស្តារមុខមាត់ថ្មីប្រកបដោយគតិយុទ្ធ និងធ្វើអោយមានការរីចម្រើនគ្រប់វិស្ស័យ មានអគារសំណង់ទំនើប ផ្លូវ ថ្នល់ ស្ពានឆ្លងទន្លេ ស្ពានអាកាសរចនាលម្អទីក្រុងក៏សាងប្រព័ន្ធលូ ដាក់ភ្លើងបំភ្លឺតាមទីសាធារណៈ ស្ថាបនាសួនច្បារ និងរៀបចំអោយមានកន្លែងហត្ថប្រាណជាដើម។
ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលោកសុខ សម្បត្តិបានលើកឡើងថា ក្នុងនាមជាអាជ្ញាធរថ្នាក់មូលដ្ឋាន ថ្នាក់ខណ្ឌបានខិតខំយកអស់កម្លាំងកាយចិត្តដោយមិនគិតពីការនឿយហត់ក្នុងការបំរើប្រជាពលរដ្ឋតាមភូមិ សង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅទាំងមូល ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងនាមអាជ្ញាធរបានស្ថាបនាផ្លូវ បេតុង និងផ្លូវក្រាលគ្រួសខ្សាច់ភ្នំ ប្រព័ន្ធលូ ជួយជីកអណ្តូងស្នប់ ស្តាប្រឡាយទឹក ស្តារស្រះ និងជីកស្រះដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបានជួយស្ថាបនាស្ពានដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានចំនួន៣ក្នុងនោះមានស្ពាន ព្រែកព្នៅឆ្លងតាមឡុងឈិនមកផ្លូវលេខ១៥១ ពង្រីកស្ពានបឹងក្រចាប់តាមផ្លូវលេខ ៤២ និងស្ពានកោះរងៀងដែលមានទំហំ ៨,៦០ម៉ែត្រនិងបណ្តោយប្រវែង៧ម៉ែត្រទើបតែចាប់ផ្តើមសាងសង់ថ្មី ដែលបានផ្តួចផ្តើមដោយ ព្រះលិខិតមុនី ហួន រីម ព្រះចៅអធិការវត្តប្រសិទ្ធីរីម្មារាម និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ គណៈធម្មយុតិកាយ។
លោកបន្តទៀតថា សមិទ្ធិផលទាំងនេះគឺជាមធ្យោបាយ និងជា គំនិតផ្តួចផ្តើមគិតគូរបានយ៉ាងល្អិតល្អន់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គសេនាបតិតេជោហ៊ុន សែនជាអ្នកកាច់ចង្កូតនាវានាំទៅរកភាពរីកចំរើន សុខ សុវត្ថភាព សន្តិភាពគ្រប់វិស្ស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ លោកបន្តថា សូមអោយជួយចូលរួមថែរក្សាគ្រប់គ្នានិងជាពិសេសត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ។នៅ
ចុងក្រោយលោកសុខ សម្បត្តិ និងភរិយា ព្រមទាំងឧបាសិកាស៊ុន យុទ្ធត្រូវជាម្តាយលោកសុខ សម្បត្តិបាននាំយកទៀនចំណាំព្រះវស្សានិងគ្រឿងបរិក្ខាជាច្រើនទៅប្រកេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តបឹងព្រៃ រួមទាំងបច្ច័យចំនួន ២០០ដុល្លាផងដែរ៕ ព្រែកជ័យ