ខេត្តបាត់ដំបង៖ លោករស់ សុខធឿន ប្រធានក្រុមការងារ ជំនាញរបស់គណៈកម្មាធីការក្រសួងមហាផ្ទៃ ចុះពិនិត្យការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ការបង្កទប់ស្តាត់បង្រ្កាបបទល្មើស និងការកសាងសំណង់ និងប៉ុស្តិ៍ អាណាធិបតេយ្យនានានៅតាមបណ្តាខេត្តជាប់ព្រំដែន បានសហការជាមួយវរះអង្គភាពចម្រុះ ក្នុងនោះមានការពារព្រំដែនគោគលេខ ៣១០ មន្ត្រីដែនជំរកសត្វព្រៃភ្នំសំកុរ (បរិស្ថាន) កងរាជអាវុធហត្ថ និងអធិការដ្ឋានស្រុកសំឡូត ប៉ុស្តិ៍នគរបាលរដ្ឋបាល និងជំទប់ទី១ ឃុំតាតោត ទំនាក់ទំនងច្រក៤០០ និងច្រកពៀមតា កំលាំងសរុបចូលរួមមាន៣២នាក់ ដែលមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំដូងខេត្តបាត់ដំបង ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដោយចុះចែកឆេរផ្ទះលោកធុក វណ្ណា ជាអនុប្រធានកងអនុសេនាធំទី១ ប្រពន្ធឈ្មោះចាប សៀងអេង រស់នៅភូមិវាលរលឹម រឹបអូសបានឈើប្រណីតចម្រុះ ជាង២ម៉ែត្រគូប រថយន្ត២គ្រឿង មិនបានឃាត់ខ្លួនម្ចាស់ផ្ទះទេ ដោយឈើទាំងនោះ ជារបស់ឈ្មោះ ជួប ណូ ហៅចូវ ជាមន្ត្រីម្នាក់នៅខេត្តបាត់ដំបង ។
ចំណែកនៅម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល កំលាំងបានក្រសោបមួយករណីទៀត ស្ថិតនៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូតរឹបអូសបានឈើគ្រញូងចំនួនចំនួន៧៦ដុំ ស្មើនិង៤៥០គីឡូក្រាម ឈើនាងនួន៣៥ដុំ និងឈើធ្នង់៤សន្លឹក សរុបស្មើនិងកន្លះម៉ែត្រគូប ចំណែកម្ចាស់រត់បាត់ស្រមោល។
បច្ចុប្បន្ន វត្ថុតាងត្រូវមន្ត្រីបរិស្ថានរក្សាទុកនៅស្នាក់ការរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ស សារ៉េត