ភ្នំពេញ÷ យុវជន៣នាក់ត្រូវបានប៉ូលីសចាប់ខ្លួនខណៈកំពុងធ្វើដំណើរតាមផ្លូវដោយម៉ូតូ១គ្រឿង បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យឃាត់ឆែកឆេរកឃើញថ្នាំញៀនចំនួន៣កញ្ចប់ដែលពួកគេលាក់ទុកក្នុងបារីដាក់ក្នុងហោប៉ៅអាវ កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ សង្កាត់
ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើកងកម្លាំងយាមល្បាតមូលដ្ឋានបានប្រទះឃើញយុវជន៣នាក់ កំពុងជិះម៉ូតូ១គ្រឿងម៉ាកស្មាស ពាក់ផ្លាកលេខ 1AV 7324 ធ្វើដំណើរតាមផ្លូវក្នុងភូមិត្រពាំងស្វាយ
ដោយមានការសង្ស័យក៏ឃាត់អោយឈប់ដើម្បីពិនិត្យ ពេលនោះបានរកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូចៗនៅក្នុងកញ្ចប់បារីដែលដាក់ក្នុងហោប៉ៅ របស់បក្ខពួកគេម្នាក់ឈ្មោះ កែវ វរៈ ទើបឃាត់ខ្លួនទាំងអស់គ្នាតែម្តង។
ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះ ទី១មានឈ្មោះ កែវ វរៈ ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិត្រពាំងស្វាយ ។ទី២ឈ្មោះ ផន ភារិទ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
និងទី៣ ឈ្មោះ ដូច គឹមហេង ភេទប្រុសអាយុ១៨ឆ្នាំ គ្មានមុខរបរមានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី។
ជនសង្ស័យទាំង៣នាក់ខាងលើត្រូវសមត្ថកិច្ចបានចោទពួកគេពីបទជួញដូរថ្នាំញៀននិងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ តុង សីហា