ខេត្តត្បូងឃ្មុំ ៖ សង្វៀនជល់មាន់មួយកន្លែងកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងក្រោមអាជ្ញាប័ណ្ណកាស៊ីណូមួយកន្លែង ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រជាពលរដ្ឋនិយាយថា ពលរដ្ឋខ្មែរច្រើនជាងពលរដ្ឋវៀតណាមលេងល្បែងជល់មាន់នៅទីនោះ ដោយភ្នាល់ក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ។
សង្វៀនជល់មាន់នេះស្ថិតនៅក្រោយសណ្ឋាគារភូមិយើង ក្រោមឥទ្ធិពលរបស់មន្ត្រីនគរបាលជាន់ខ្ពស់មួយរូប ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សុទ្ធតែអះអាងថា សង្វៀនជល់មាន់នេះ ស្របច្បាប់ ។ ប៉ុន្តែគេដឹងថា មានតែកាស៊ីណូប៉ុណ្ណោះ ដែលមានអាជ្ញាប័ណ្ណ ។ ដោយសារតែសង្វៀនជល់មាន់ស្ថិតក្នុងបរិវេណកាស៊ីណូដែរនោះ វាក៏បាន ក្លាយខ្លួនទៅជាសង្វៀនជល់មាន់ស្របច្បាប់ អែបៗកាស៊ីណូនោះដែរទៅ។
អ្នកទៅលេងល្បែងនៅទីនោះបានអះអាងថា ការជល់មាន់ភ្នាល់គ្នាចាប់ពី៥០០ដុល្លាររហូតដល់១ម៉ឺនដុល្លារ។ សម្រាប់គូពិសេសវិញ អាចមានតម្លៃពី៥ពាន់ដុល្លារដល់២ម៉ឺនដុល្លារ។ បណ្តាអ្នកដែលចូលចិត្តល្បែងជល់មាន់ មិនមែនសុទ្ធតែបរទេសនោះទេ ផ្ទុយទៅវិញគឺមានអ្នកធំខ្មែរ, អ្នកមានទ្រព្យធនខ្មែរជាច្រើននាក់ ចូលលេងល្បែងភ្នាល់ជល់មាន់នៅទីនោះ។
សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំមិនសូវចាប់អារម្មណ៍អំពីបញ្ហានេះប៉ុន្មានទេ ពីព្រោះឮថា ម្ចាស់សង្វៀនជល់មាន់នេះមានខ្នងបង្អែកធំ។ ម្យ៉ាងទៀត អ្វីដែលសមត្ថកិច្ចរវល់នោះ គឺមើលការចេញចូល ទំនិញផ្សេងៗនៅតាមច្រកព្រំដែន។ មួយរយៈចុងក្រោយនេះ សកម្មភាពចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំបានកើតឡើងស្ទើររាល់យប់ ដោយចោរមិនលើកលែងសូម្បីផ្ទះអ្នកកាសែត ។
ពាក់ព័ន្ធនឹងបញ្ហាសង្វៀនជល់មាន់នោះ អភិបាលខេត្តត្បូងឃ្មុំលោក លី ឡេង ថ្លែងថា ទីតាំងកាស៊ីណូនេះមានច្បាប់អនុញ្ញាត ប៉ុន្តែលោកមិនស៊ីជម្រៅទេ ។ លោកអភិបាលមានប្រសាសន៍ថា «តាមមើលកន្លែងហ្នឹង ខ្ញុំបានសួរដែរ គេថា មានលិខិតស្នាម, ខ្ញុំអត់លម្អិតទេ… ខ្ញុំតែងតែរំលឹកអំពីបញ្ហានេះ… យើងមិនអាចមើលរំលងបានទេ» ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន មានប្រសាសន៍ថា ទីតាំងនេះពិតជាមានច្បាប់មែន ហើយវាក៏មិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានដែរ ផ្ទុយទៅវិញ វាជាកិច្ចការរបស់ក្រសួងមហាផ្ទៃ។
បើតាមប្រជាពលរដ្ឋ ទាំងកាស៊ីណូ ដែលមានល្បែងស៊ីសងច្រើនប្រភេទ និងសង្វៀនជល់មាន់នោះ ទាក់ទាញការចាប់អារម្មណ៍ពលរដ្ឋខ្មែរច្រើនជាងបណ្តាជនបរទេស ។ មន្ត្រីរដ្ឋាភិបាល, អ្នកមានលុយ បានសម្តៅទៅទីនោះ ពីព្រោះមានសុវត្ថិភាពក្នុងការភ្នាល់មាន់ជល់។
ប្រធាននាយកដ្ឋាននគរបាលគ្រប់គ្រងល្បែងស៊ីសង ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍សៀង សេន ទទួលស្គាល់ថា កាស៊ីណូនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយបានបង់ពន្ធស្របច្បាប់ ហើយជាពិសេស មានតែជនបរទេសប៉ុណ្ណោះ ដែលបានអនុញ្ញាតឲ្យចូលលេង ។ លោកបានបន្ថែមថា កាស៊ីណូដែលដំណើរការស្របច្បាប់ ទោះបីជាភ្នាល់លុយច្រើនប៉ុនណា ក៏មិនខុសដែរ។
សម្រាប់ប្រជាពលរដ្ឋនៅទីនោះមិនជឿទាល់តែសោះថា កាស៊ីណូមួយនោះ ដែលមានសង្វៀនជល់មាន់ផង ដំណើរការតែសម្រាប់ជនបរទេសនោះ ។ បើពិនិត្យផ្ទាល់ភ្នែកគឺមានបណ្តាជនខ្មែរច្រើនជាង៥០ភាគរយកំពុងវក់វីនឹងល្បែងស៊ីសងច្រើនប្រភេទនៅក្នុងការស៊ីណូមួយនេះ ៕ ហេង សូរិយា