ខេត្តស្វាយរៀងៈ ក្មេងស្រីម្នាក់ ខណៈកំពុងបើកម៉ូតូកដៃម្ខាងរវល់កាន់ទូរស័ព្ទនិយាយលេងសើចសប្បាយកាច់ក ស្រាប់តែភ្លេចខ្លួនធ្លាក់ជង្ហុកទប់មិនទាន់បណ្ដាលដួលបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹងតែម្នាក់ឯង ត្រូវប្រជាពលរដ្ឋជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង កាលពីវេលាម៉ោង១ និង៣៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ សំ រល័ក្ខ អាយុ១៦ ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខណៈជិះម៉ូតូម៉ាកហុងដា សេ១២៥ ឆ្នាំ២០១៦ ពណ៌ ពាក់ស្លាក ភ្នំពេញ 1FL 0859ខូចខាតយ៉ាងដំណំ។
អ្នកភូមិបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញយុវតីម្នាក់ជិះម៉ូតូធ្វើដំណើរយ៉ាងលឿនហើយដៃម្ខាងទៀតជាប់រវល់និយាយទូរស័ព្ទ និងដៃមួយទៀតកាន់ចង្កូតលុះមកដល់ចំនុចខាងលើខាងលើ ក៏ធ្លាក់ជង្ហុកបណ្តាលឲ្យដួលបោកអូសជាង១០ម៉ែត្រសន្លប់នឹងកន្លែង។
ក្រោយមកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះ ប៉ុន្តែដោយរថយន្តមានការយឺតយ៉ាវក៏ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ ៕ យឹម សុថាន