ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកត្បូងឃ្មុំបានធ្វើការឃាត់កម្មករបើកគ្រឿងចក្រពីរនាក់ ពាក់ព័ន្ធនឹងករណីលួចបូម ប្រេងរបស់ក្រុមហ៊ុនកាលពីវេលាម៉ោង០០និង២០នាទីឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ជនសង្ស័យទាំង២មានឈ្មោះ ១-ឈ្មោះសំ ប្រុស ភេទប្រុសអាយុ១៩ឆ្នាំ ភូមិទំនាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង (បើកអាបុលរបស់ក្រុមហ៊ុនលីឈួង) និង២-ឈ្មោះ អែល គ្រី ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមព្រែក តាផឹក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង (បើកបរអាអិចរបស់ក្រុមហ៊ុនលីឈួង) ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកទាំងពីរនាក់បានធ្វើសកម្មភាពលួចបូមប្រេងចេញពីក្នុងអាបុលនិងក្នុងអាអិច ដែល ខ្លួនឯងបើកបរចំនួន៦កាន ដែលជារបស់ក្រុមហ៊ុនលីឈួង ហើយខណៈនោះត្រូវប្រធានសន្តិសុខ ឈ្មោះស៊ិន ម៉ូលី ភេទប្រុស អាយុ៣៣ឆ្នាំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធាភ្នំពេញ ចាប់បានបញ្ជូនមកអោយ សមត្ថកិច្ច ដើម្បីចាត់ការបន្តបញ្ជូនជនសង្ស័យទៅតុលាការ ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណះ