ភ្នំពេញ ៖ លោកកូនចិត្តខ្លាំង២នាក់ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេបាននាំគ្នាវាយ តប់ម្តាយបង្ករអោយរងរបួស ដោយសារតែណែនាំគេកុំអោយប្រព្រឹត្តអំពើអាក្រក់និងសេពគប់ជនមិនល្អក្នុងសង្គម ។
កាលពីវេលាម៉ោង២៤និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនទាំង២នាក់នេះមិនត្រឹមតែមិនស្តាប់ឪពុកម្តាយប្រៀនប្រដៅប៉ុណ្ណោះទេ ថែមទាំងចង់តដៃជាមួយកងកម្លាំងសមត្ថកិច្ចថែមទៀតផង និងស្រែកឡូឡាបង្ករអុកឡុកផ្អើលអ្នកភូមិដោយមិនខ្លាចញញើតអ្វីឡើយ។ សមត្ថកិច្ចបានចាត់ទុកពួកគេថា ជាក្រុមក្មេងទំនើង និងជាកូនរម៉ឹលគុណ(ឬអកត្តញូ)ចំពោះឪពុកម្តាយដែលមិនសមជាយុវជនឬពលរដ្ឋល្អក្នុងសង្គម ដែលមហាជនគេស្អប់ខ្ពើម។
ជនទាំង២នាក់ខាងលើឈ្មោះហ៊ាន រតនា ភេទប្រុស អាយុ២៣ឆ្នាំគ្មានមុខរបរឈ្មោះ ហ៊ាន រតនះ ភេទប្រុសអាយុ២៥ឆ្នាំ និងម្នាក់ទៀតស្នាក់នៅផ្ទះជួលជាមួយឪពុកម្តាយ។
ប៉ូលិសនិយាយថា ជនទាំង២នាក់នេះត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះកែវ សុភី អាយុ៤៥ឆ្នាំ មុខរបរលក់បាយ មានទីលំនៅចំណុចផ្ទះកើតហេតុខាងលើ ដែលត្រូវជាម្តាយបង្កើតរបស់ពួកគេ ចោទពីបទប្រើអំពើហឹង្សា ។
លោកសុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋាបាលសង្កាត់ទឹកថ្លា បានអោយដឹងថា ពាក់ព័ន្ឋក្នុងការឃាត់ខ្លួនជនទាំង ២នាក់នេះ តាមសំដីខាងជនរងគ្រោះជាឪពុកម្តាយតែងពិបាកចិត្តរឿងកូនប្រុសរបស់គាត់សំដែងអត្តចរិកមិនសមរម្យ ហើយតែងតែដើរលេងផ្តេសផ្តាសរហូតដល់យប់ជ្រៅ សេពគប់ជនមិនល្អ ជាអ្នកលេងអ្នកប្រើប្រាស់គ្រឿងញៀនជាដើម ដែលនឹងនាំអោយមានទុក្ខលំបាកដល់ខ្លួននៅថ្ងៃក្រោយណាមួយ។
គ្រាន់តែប្រៀនប្រដៅដូច្នេះដាក់ពួកគេស្រាប់តែពួកគេនាំគ្នាស្ទុះមកយកដៃច្រានម្តាយ ច្របាច់ករុញផ្ទប់ជញ្ជាំងយ៉ាងសាហាវឃោរឃៅ នៅពេលនោះឪពុកឃើញក៏ចេញមកជួយ ហើយបានប្តឹងសមត្ថកិច្ចអោយមកជួយអន្តរាគម ដោយបង្គាប់អោយឃាត់ខ្លួនពួកគេជាកូនប្រុសបង្កើតយកទៅចាត់ការតាមច្បាប់។
បច្ចុប្បន្នកូនប្រុសចិត្តខ្លាំងទាំង២នាក់ខាងលើកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ តុង សីហា