ខេត្តត្បូងឃ្មុំ ៖ មានករណីចោរកម្មដោយប្រើរូបភាពធាក់ម៉ូតូឲ្យដួលរួចប្លន់ បានកើតឡើងនៅចំណុចវាល ត្រពាំងផ្លុកក្រាយ ស្ថិតនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កាលពីវេលាម៉ោងប្រហែល១២និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បង្កដោយជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ។
ករណីខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ សហការជាមួយកម្លាំងប្រជាការពារតាម ដេញស្ទាក់ និងឃាត់មុខសញ្ញាជនសង្ស័យបាន២នាក់ មានឈ្មោះ ៖-
១-ឈ្មោះ ដន ឌុល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ ដន ហ៊ា ភេទប្រុស អាយុ២២ឆ្នាំ ។ ជន សង្ស័យទាំងពីរនាក់ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងបានចាប់យកបាន មធ្យោបាយម៉ូតូចំនួន២គ្រឿង ១គ្រឿងជាបស់ជនរងគ្រោះ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១០ បានប្រគល់ជូនទៅ ជនរងគ្រោះវិញផងដែរ និង១គ្រឿងទៀតជារបស់ជនសង្ស័យ។
ជនរងគ្រោះឈ្មោះ នឿន ណាត ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិជើងអង ឃុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណីនេះ កងកម្លាំងជំនាញនៃអធិការដ្ឋានស្រុក កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ