ជប៉ុន នឹងរុះរើគណៈរដ្ឋមន្ត្រី ដើម្បីដឹកនាំប្រកបដោយប្រសិទ្ធភាព

ចែករំលែក៖

រយៈពេលកន្លងមក រដ្ឋភិបាលជប៉ុនប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ពីមហាជន ក្នុងនោះមាន ថ្នាក់ដឹកនាំក្រសួងការ​ពារជាតិ ធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិលាលែងចេញពីតំណែង ដើម្បីបញ្ចប់វិបត្តិ ស្តីពីការលាក់បាំង ព័ត៌មាន ។

ដោយហេតុនេះហើយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូ អាបេ បានសម្រេចរុះរើគណៈរដ្ឋមន្ត្រី រៀបចំសារជាថ្មី ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ។ អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាល ជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីនហ្ស៊ូ អាបេនឹងផ្លាស់ប្តូររដ្ឋមន្រ្តី និងគណបក្ស កាន់អំណាច របស់លោក ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ខាងមុខ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ។

នេះជាលើកដំបូង ហើយក្នុងឆ្នាំ២០១៧ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីនិងគណបក្សកាន់អំណាច របស់គណបក្ស ប្រជាធិបតេយ្យសេរី ដែលមានគោលបំណងដើម្បីទទួលបានការគាំទ្រ ជាសាធារណៈក្រោយពីការធ្លាក់ចុះនៃការវាយតម្លៃលើគណៈរដ្ឋមន្ត្រីរបស់លោក អាបេដោយសារតែរឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងការចោទប្រកាន់ ដែលនាយករដ្ឋមន្ត្រីបានផ្តល់ការគាំទ្រដល់មិត្តភក្តិ ដែលសុំការអនុម័ត ការកសាង នាយកដ្ឋានថ្មីរបស់សាកលវិទ្យាល័យមួយរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាល និងប្រភពគណបក្សកាន់អំណាច បានឲ្យដឹងថានៅពេលដែលលោក នាយករដ្ឋមន្រ្តី អាបេបានសម្រេចចិត្តរក្សាសមាជិកសំខាន់ៗរួមទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Taro Asoផងនោះ លោក អាបេ ក៏បាននិងកំពុងធ្វើការលើការជ្រើសរើសមុខតំណែង គណៈរដ្ឋមន្ត្រីផ្សេងទៀតផងដែរ៕ ម៉ែវ សាធី

...



ចែករំលែក៖