ភ្នំពេញ៖ ដើម្បីបង្អើលត្រីឲ្យចូលសំណាញ កាល ពីវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ បានសហការជាមួយកំលាំងនគរបាល ការិយាល័យ សន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៏ឯក ម៉ែន ណងទិត ឋាន: នាយការិយាល័យ ក្រោមការសម្រប សម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ជាក្រឡាបញ្ជីអមផង បាន ដឹកនាំចុះបង្ក្រាបទីតាំងបើកអុីនធឺណេត បង្កប់ល្បែងសុីសងខុសច្បាប់ ( ចាក់ភ្នាល់បាល់តាមអនឡាញ ) ដែលមានទីតាំងផ្ទះលេខ៣២ ផ្លូវ ២៣១ ក្រុមទី៣៣ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ប្រុស០៣នាក់ និងស្រី០៨នាក់ក្នុងនោះបុគ្គលិកចំនួន០៩នាក់ ប្រុស០១នាក់ ស្រី០៨នាក់ និងអ្នកមកចាក់ ភ្នាល់ចំនួន០២នាក់ប្រុស និងចាប់យកវត្ថុតាង រួមមាន ៖ កុំព្យូទ័រចំនួន១០គ្រឿង , បុងចាក់ ភ្នាល់មួយចំនួន , ប្រាក់ដុល្លារចំនួន២៩២៦$ ( ពីរពាន់ប្រាំបួនរយម្ភៃប្រាំមួយដុល្លារសហរដ្ឋអាមេរិក ) និងប្រាក់រៀលចំនួន៦០០០០រៀល ( ប្រាំមួយមុឺនរៀល ) ,ទូរទស្សន៍ចំនួន០១គ្រឿងម៉ាក SamSung សំរាប់មើលបាល់Live , ទូរស័ព្ទចំនួន១០គ្រឿង ម៉ាកI Phone 7 ចំនួន០២គ្រឿង , ម៉ាកI phone 6 ចំនួន០៣គ្រឿង , ម៉ាក I phone 5 ០១គ្រឿង , ម៉ាក Huaei មួយគ្រឿង , ម៉ាក NoKia មួយគ្រឿង , ម៉ាកSamSung មួយគ្រឿង , និងម៉ាក Mann មួយគ្រឿង , ត្រាសំរាប់បោះលើបុងបាល់អតិថិជន ឈ្មោះ 24 HRNET មួយ , និងត្រាសំរាប់ទូរទាត់លុយចំនួនមួយ ( Paid ) ។
គួរបញ្ជាក់ដែរថា បនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ច្រើនជ្រកក្រោមទីតាំងអ៊ីនធើណេតកាហ្វេ ឬណេត២៤ម៉ោង ដែលមានស្ទើរតែគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ក្នុងនោះនៅខណ្ឌទួលគោក ខណ្ឌដូនពេញ គឺជាកន្លែងល្បែងស៊ីសងតាមអ៊ីនធឺណេត ប្រមូលផ្តុំអ្នកញៀនល្បែងមកសំកុកទាំងយប់ទាំងថ្ងៃ និងមានក្រុមសមាសភាពមិនល្អផងដែរ ជនចែកចាយថ្នាំញៀន និងអ្នកញៀនថ្នាំ បានយកទីតាំងទាំងនេះធ្វើជាមធ្យោបាយកន្លែងប្រើប្រាស់ រហូតដល់គេហ៊ាននិយាយថា ជនប្រព្រឹត្តបទល្មើសក្នុងសង្គមក៏អាចមកសម្ងំនៅទីនេះ ដើម្បីចេញធ្វើសកម្មភាពនៅពេលយប់ ឬទៀបភ្លឺ ។
ដោយឡែកយោងតាមប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះបានលើកឡើងថា ទីតាំងភ្នាល់ល្បែងស៊ីសងតាមអនឡាញ អ៊ីនធឺណេត ជាទម្លាប់ ពួកគេមានខ្នងបង្អែកធំៗ ជាសមត្ថកិច្ច និងអាជ្ញាធរ ករណីខ្លះសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់ ខ្លះរអារ ដូច្នេះ បើម្ចាស់ទីតាំងបន្តក់បន្តិចបន្តួច ក៏ទទួល ប្រសើរជាងលិឌអំបិលក្នុងពាង ។ហើយប្រជាពលរដ្ឋក៏សូមណូមពរដល់នគរបាលការិយាល័យ សន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះប្រតិបត្តិការបង្រ្កាបបនល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញ អ៊ីនធឺណេតទាំងអស់នេះ ដែលកំពុងរីកដុះដាលដូចផ្សិតផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងដែលចាប់យក បានបញ្ជូនទៅ ការិយាល័យនគរបាលសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស តារា