ខេត្តបាត់ដំបង៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានជម្លោះហិង្សាមួយកើតឡើង ដែលបណ្ដាលឲ្យមនុស្ស៤នាក់រងរបួស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិចម្ការសំរោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំងនោះ ទី១-ឈ្មោះសឿងសុងភេទប្រុសអាយុ៤៧ឆ្នាំ, ទី២-ឈ្មោះរួន អេត ភេទស្រី អាយុ៤៣ឆ្នាំ ទាំង២នាក់ត្រូវជាប្តីប្រពន្ធគ្នា និងទី៣-ឈ្មោះអួន សំបើម ហៅជក់ ភេទប្រុស អាយុ៣៣ឆ្នាំត្រូវជាកូនធម៌ ប្តីប្រពន្ធខាងលើ រីឯបក្សពួកអ្នកប្រព្រឹត្តម្នក់ទៀតឈ្មោះសុង បូរ៉ា ហៅប៊ុច ភេទប្រុអាយុ៣៤ឆ្នាំបានគេចខ្លួនបាត់ អ្នកទាំងអស់គ្នារស់នៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ចំណែកក្រុមបុរសរងគ្រោះរងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ មានទី១ឈ្មោះជួន ស៊ីថាអាយុ៣១ឆ្នាំ, ទី២-ឈ្មោះថុន នីន អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះខ្លូត សាវង្ស អាយុ១៦ឆ្នាំ និងទី៤-ឈ្មោះស៊ឹម ប៊ុនហៃ អាយុ២១ឆ្នាំ ទាំង៤នាក់រស់នៅ ភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបងដូចគា្ន ។
ប្រភពពីក្រុមរងគ្រោះបានឲ្យដឹង ថាពេលពួកខ្លួនទៅចាប់កណ្តូបនៅវាលស្រែ ស្រាប់តែត្រូវក្រុមសង្ស័យកាន់កាំបិតខ្វែវដើរដេញចេញពីខ្ទមនិងវាលស្រែ ហើយម្នាក់ៗបានដើរបណ្ដើរនាំគ្ន ស្រែកបណ្ដើរថា មិនឲ្យពួកចាប់កណ្តូបព្រោះទីនោះជាដីស្រែរបស់គេ និងសួរកអ្នកធ្លាប់់ជេរពួកគេទៀត។ ពេលនោះ ពួកខ្លួនក៏បានតបតសម្ដីទៅវិញ ក្នុងបំណងដើម្បីរកហេតុផល ឲ្យបានច្បាស់លាស់ ស្រាប់តែក្រុមជនសង្ស័យ បានទាញកាំបិតនិងព្រួញបាញ់កណ្តុរ មកដេញកាប់លើក្រុមខ្លួនរងគ្រោះតែម្តង។
បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯជនសង្ស័យដែលបាត់ខ្លួនសមត្ថិច្ចកំពុងតាមរកចាប់ខ្លួន។ ដោយឡែកឯជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទឃាតកម្មគិតទុកជាមុន៕
ដោយ៖ វិបុល