ខេត្តកណ្តាលៈ អណោចអធម្មណាស់លោកអើយ… កុមារីវ័យ៧ឆ្នាំម្នាក់ត្រូវជនមិនស្គាល់រំលោភហើយសម្លាប់យកសពទៅទម្លាក់ចូលក្នុងទឹកព្រែកបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីវេលាម៉ោង៥ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅខាងក្រោយមជ្ឈមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្រកណ្តាល ។
កុមារីរងគ្រោះមានឈ្មោះគង់ សំណាង ហៅធីតា អាយុ៧ឆ្នាំ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពពត៍មានពីនគរបាលព្រហ្មទណ្ឌស្រុកបានអោយដឹងថា កាលពីថ្ងៃទី១ ខែសីហា កុមារីរងគ្រោះបានទៅដកក្រអៅឈូកជាមួយឪពុកលុះដល់ពេលរសៀលក៍ត្រឡប់ មកផ្ទះវិញដោយកូនស្រីដើរមកផ្ទះមុន ពេលមកដល់ផ្ទះឪពុកអត់ឃើញកូនស្រីរបស់ខ្លួនក៍រកនៅក្នុងភូមិតែម្នាក់ ឯង រហូតដល់ម៉ោង៧យប់ទើបឪពុកមកប្តឹងនគរបាលប៉ុស្តិ៍ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានពង្រាយកម្លាំងចុះស្រាវជ្រាវទាំងយប់ព្រោះខ្លាចជាករណីចាប់ក្មេងស្រី តែរកមិនឃើញឡើយ ។
ប្រភពបានបន្តថា ស្រាប់តែនៅវេលាម៉ោង៥ព្រឹកព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ មានអ្នករាយមងនិងដាក់បង្កៃដើរតាមមាត់ព្រែកក៍ប្រទះឃើញកុមារីរងគ្រោះស្លាប់អណ្តែតទឹកក្បែរមាត់ព្រែក ទើបរាយការណ៍ប្រាប់ក្រុមគ្រួសារនិងសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ។
ប្រភពបន្តទៀតថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញដោយមានការចូលរួមពីគ្រូពេទ្យនិងអង្គការក្រៅរដ្ឋាភិបាល ផងនោះក្មេងស្រីរងគ្រោះត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាប់រួចទម្លាក់សពចូលទៅក្នុងទឹកព្រែកដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច ៕ សណ្តោស