ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ដ៏ស្រស់ស្អាតត្រូវបានសាច់ញាតិប្រាប់ឱ្យដឹងថាមានឈ្មោះ ភួន ណាវ៉ាន់ អាយុ១៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនអស់រយៈពេល៩ថ្ងៃមកហើយមិនដឹងមូលហេតុ ក្រោយពីធីភ្ជាប់ពាក្យមានគូដណ្តឹងរួចហើយនោះ។ការបាត់ខ្លួននាងនាំឱ្យឳពុកម្តាយ និងសាច់ញាតិកំពុងមានការព្រួយបារម្ភជាខ្លាំង រហូតដេកមិនលក់បាយមិនបានទៀតផង មិនដឹងថាការបាត់ខ្លួនកូនស្រីរូបនោះ ស្លាប់រឺរស់ និងខ្លាចរងការចាញ់បោកនៃការលួងលោមរត់ទៅតាមគូកំណាន់ចិត្ត រឺចាញ់បោកគេយកទៅជួញដូរ យ៉ាងណានៅឡើយនោះទេ។រយៈពេលដែលនាងបាត់ខ្លួន៩ថ្ងៃមកដល់ពេលនេះឳពុកម្តាយបាត់ដំណឹងសូន្យឈឹងតែម្តង។
បើតាមប្រភពព័ត៌មានពីសាច់ញាតិស្រ្តីវ័យក្មេងខាងលើប្រាប់ឱ្យដឹងថា នាងមានឳពុកឈ្មោះ សឿន ភួន អាយុ៥១ឆ្នាំ ម្តាយឈ្មោះ ប៉ោង សារី អាយុ៤៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពមានពីសាច់ញាតិដដែលឱ្យដឹងទៀតថា កាលពីក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៧ នាងត្រូវបានឳពុកម្តាយផ្គូផ្គងភ្ជាប់ពាក្យឱ្យមានគូដណ្តឹងនិងចូលរោងការនៅខែតុលាឆ្នាំ២០១៧ខាងមុខ ជាមួយបុរសម្នាក់នៅក្នុងភូមិជាមួយគ្នាដោយបុរសនោះធ្វើការងារនៅក្នុងប្រទេសថៃ។
នៅពេលដែលឳពុកម្តាយរៀបចំនាងឱ្យមានស្វាមីតាមប្រពៃណីជាមួយបុរសនៅក្នុងភូមិ នាងមិនបានប្រកែកអ្វីនោះឡើយ គឺនាងយល់ព្រមតាមឳពុកម្តាយទាំងអស់។លុះពិធីភ្ជាប់ពាក្យបានរយៈពេលប្រហែល១០ថ្ងៃនាងក៏បាត់ខ្លួនមិនដឹងមូលហេតុ។
ទោះបីឳពុកម្តាយសាច់ញាតិខំប្រឹងដើរស្វែងរកគ្រប់ច្រកល្ហកក៏មិនដឹងនាងទៅណានោះទេ។ដំណឹងនេះបើសិនជានាងម្ចាស់សាមីខ្លួនបានដឹងសូមឱ្យនាងត្រឡប់មកផ្ទះវិញពីព្រោះឳពុកម្តាយនិងសាច់ញាតិ កំពុងរងចាំនាង និងមានការព្រួយបារម្ភខ្លាំងណាស់ ៕ សំ វិច្ឆិកា