ចាប់បានហើយឃាតកបាញ់សម្លាប់ សង្សារក្នុងផ្ទះសំណាក់សារីធំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ជនសង្ស័យជាឃាតក ដែលបាញ់សម្លាប់ស្ត្រីជាសង្សារនៅក្នុងផ្ទះ សំណាក់យីហោសារីធំ ត្រូវសមត្ថ កិច្ចចាប់ ខ្លួនបានហើយ កាលពីវេលាម៉ោង១១និង ២០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមកិច្ចសហការ រវាងកម្លាំងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ,កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្ត ប៉ៃលិន គ្រាដែលជនសង្ស័យកំពុងលាក់ខ្លួន នៅខេត្តប៉ៃលិន ។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ ដែល ឋិតក្នុងប្រតិបត្តិការនេះ អនុវត្តតាមដីកាបញ្ជា ឲ្យចូលខ្លួនលេខ២០៧អ.យ.ឋ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ របស់ព្រះរាជអាជ្ញារង សៀង សុខ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យឈ្មោះ អ៊ុំ សុផា ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទមនុស្សឃាត ។ ជនសង្ស័យត្រូវបាននាំខ្លួនពីខេត្តប៉ៃលិន មករាជធានីភ្នំពេញ នៅរសៀលថ្ងៃ ទី៩ ខែសីហា ឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា ជនសង្ស័យរូបនេះបានក្លែងធ្វើជាមន្ត្រីកងរាជអាវុធហត្ថ បានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយគេច ខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០០និង៥៥នាទី រំលងអាធ្រាត ឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ។

ហេតុការណ៍នៃការបាញ់សម្លាប់នេះបានប្រព្រឹត្តនៅក្នុង ផ្ទះសំណាក់សារីធំ បន្ទប់លេខ៤០៤ ជាន់ ឡៅតឿ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នារីរងគ្រោះឈ្មោះ សុន ស្រីលក្ខណ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិត្រពាំងរាំង ស្រុកដងទង់ ខេត្តកំពត ។ ប្រភពបានអោយដឹងថា គ្រាប់ដែលបាញ់ នារីរងគ្រោះនោះគឺបណ្តាលឲ្យធ្លាយគ្រាប់ភ្នែកមកខាងក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

បើយោងតាមសាក្សី ដែលជាអ្នកមើល ការខុសត្រូវក្នុងផ្ទះសំណាក់នោះ មាន ឈ្មោះ ឈុតស្រីមុំ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យនោះ និងសង្សារបានជិះម៉ូតូមួយគ្រឿង ពណ៌ស ស្លាកលេខ 4399 (មិនចាំអក្សរ) ម៉ាកMSX ដែលពួកគេ បានស្នាក់នៅ បន្ទប់ខាងលើ គឺមួយខែតែ ២ទៅ៣ដងប៉ុណ្ណោះ ។

ប្រភពបានឲ្យដឹងទៀតថា នៅយប់កើត​ហេតុនេះ មានលឺសំលេងឈ្លោះគ្នាបន្តិច បន្តួចក្រោយមកមិនយូរប៉ុន្មានផង ស្រាប់ តែសំឡែងផ្ទុះអាវុធមួយគ្រាប់បានលាន់ខ្ទរចេញពីបន្ទប់នោះ ។ គ្រាន់តែស្នូរកាំភ្លើង មិនទាន់បានបាត់ខ្ទរផង គេឃើញជន សង្ស័យបានចុះមកក្រោមវិញ តែម្នាក់ឯង យ៉ាងប្រញ៉ាប់ ។

ឃើញហេតុការណ៍ដូចនេះសន្តិសុខ ដែលយាមកាម នៅផ្ទះសំណាក់បាននាំគ្នាឃាត់ជនសង្ស័យរូបនោះ ទើបមានការប្រតាយប្រតប់គ្នាផង តែឃាត់មិនឈ្នះណាមួយ ខ្លាចជនសង្ស័យបាញ់មកលើពួកគេ ដោយសារមានអាវុធខ្លីនៅនឹងចង្កេះ ក៏យកម៉ូតូជិះចេញគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចវបានមកដល់ដើម្បីសាកសួរបន្ថែម ។ ចំណែកសព ត្រូវបានខាងផ្ទះសំណាក់ដឹកចេញយ៉ាង ប្រញ៉ាប់យកទៅតំកល់នៅមន្ទីរពេទ្យកាល់ម៉ែតបាត់ភ្លាមផងដែរ ។

ក្រោយឃាតកម្មកើតឡើង នាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសផ្តល់រង្វាន់ដល់អ្នកដែលផ្តល់ព័ត៌មានឈាន ដល់ការឃាត់ខ្លួនជនសង្ស័យឃាតករខាងលើនេះផងដែរ ៕  ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print