ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះ រាជាណាចក្រកម្ពុជាក្នុងឱកាសជួប សំណេះសំណាល និងពិភាក្សាការងារជា មួយ លោក ឃួង ស្រេង អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា លោកស្រី Eva Nguyen Bing ថ្លែងថា ក្នុងនាមលោកស្រីតំណាងឲ្យរដ្ឋាភិបាលបារាំង លោកស្រីសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកពិព័រណ៍ សំណង់នៅរាជធានី ជាបេតិកភណ្ឌវប្បធម៌ក្នុងន័យបង្ហាញ ពីចំណងសាមគ្គីភាពដ៏ល្អផូរផង់ រវាងប្រទេស ទាំង២ជាយូរលង់ណាស់មកហើយ ព្រោះសំណង់បារាំងជាប្រវត្តិសាស្ត្រដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រពីប្រវត្ដិសាស្ដ្រនេះផង។
លោកស្រី Eva NguyenBing បានបញ្ជាក់ថា បើកអាចធ្វើបាននោះ អាជ្ញាធររាជធានី ភ្នំពេញគួររៀបចំឲ្យមានការតាំងបង្ហាញ អគារបេតិកភណ្ឌណាមួយ ហើយបើកឲ្យភ្ញៀវចូលទស្សនាដូចនៅ ទីក្រុងប៉ារីសបាន ធ្វើដើម្បីបង្ហាញនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកាន់តែច្រើនថែមទៀត។ ព្រោះនេះក៏អាចរកចំណូលថវិកាបានមួយផ្នែកផងដែរ ។
លោកស្រីក៏បានថ្លែង កោតសរសើរពី កិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីសនឹងរាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធភាព និង
ជាសមាជិកសមាគមអភិបាលក្រុងនិយាយ ភាសាបារាំង (AIMF)ក្នុងនោះមានកិច្ចសហការលើផ្នែកចរាចរណ៍ដឹកជញ្ជូន,ការងារទឹកស្អាត និងការងារបច្ចេកទេស ជាដើម។
លោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាស្នើសុំឲ្យបើកពិព័រណ៍សំណង់ បេតិកភណ្ឌបារាំង នៅរាជធានីលោកនឹងសាទររៀបចំឲ្យមានកម្មវិធីនេះឡើងនៅ ពេលណាមួយសមស្របខាងមុខ ។ ដោយសាររាជធានីភ្នពេញបច្ចុប្បន្នមានការរីក ចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហើយពិតណាស់ រាជធានី ពិតជាទទួលបានការរួមចំណែកពីភាគីបារាំងយ៉ាងច្រើនផងដែរ ។ ក្នុងនោះបារាំង បានរួមចំណែក បង្កើតប្លង់គោលជាថ្មីសម្រាប់រាជធានីភ្នំពេញដែលជាត្រីវិស័យសម្រាប់ ការអភិវឌ្ឍតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
លោកឃួង ស្រេង ក៏បានគាំទ្រចំពោះ គម្រោងវិនិយោគកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនបារាំង សហការជាមួយក្រុមហ៊ុនចិន ដែលលោក ស្រីឯកអគ្គរដ្ឋទូតបារាំងបានស្នើឡើងកន្លងមក ។
លោក ឃួង ស្រេង ក៏បានលើកឡើងពី ស្ថានភាព និងការវិវឌ្ឍ បត់បែនច្រើនដំណាក់ កាលរបស់រាជធានីភ្នំពេញ ក៏ដូចជាការប្រឹងប្រែងធ្វើឲ្យប្រសើរឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ ៕ សំរិត