ខេត្តតាកែវ ៖ ស្ថានីយប្រេងឥន្ធនៈ និង ឃ្លាំងលក់ដែកមួយកន្លែង ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១២៩ ស្ថិតក្នុង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្ត តាកែវ ដែលកំពុងដំណើរការលក់ដោយគ្មានច្បាប់រាល់ថ្ងៃនេះកាលពីពេលថ្មីៗនេះ ត្រូវបានលោកអភិបាលស្រុកព្រៃកប្បាសចេញលិខិតផ្អាកការសាងសង់ ដើម្បីធ្វើ លិខិតបែបរដ្ឋបាលឲ្យបានត្រឹមត្រូវសិន តែត្រូវបានម្ចាស់ស្ថានីយប្រេងឥន្ធនៈ និង ម្ចាស់ឃ្លាំងលក់ដែក គឺលោក ជាង ឡុង ហែក លិខិតនោះចោល។
តាមប្រភពបានឲ្យដឹងថា ម្ចាស់ ស្ថានីយប្រេង និងឃ្លាំងលក់ដែកខាង លើនេះជារបស់លោក ជាង ឡុង មានមុខងារ ជាទាហាន តែមិនដឹងនៅអង្គភាពណាទេ គ្រាន់តែដឹងថាសព្វថ្ងៃនេះលោក ជាង ឡុង បាននិងកំពុងប្រើអំណាចគ្របដណ្តប់លើអាជ្ញាធរ ដោយពុំមានញញើតអីបន្តិច សោះឡើយ ។ ពេលថ្មីៗនេះនៅពេលដែល លោកអ៊ិត សារ អភិបាលស្រុកព្រៃកប្បាសបានចេញលិខិតផ្អាកការសាងសង់ដើម្បី ឲ្យម្ចាស់ ទៅសុំច្បាប់តាមបែបបទរដ្ឋបាលឲ្យរួចរាល់សិន ចាំដំណើរការបន្តទៀត តែត្រូវបានម្ចាស់ស្ថានីយប្រេង និងឃ្លាំង លក់ដែកគ្មានច្បាប់នេះហែកលិខិតនោះចោលតែម្តង។
លោក អ៊ិត សារ អភិបាលស្រុកព្រៃ កប្បាសបានឲ្យដឹងថា លោកពិតជាបានចេញលិខិតឲ្យម្ចាស់ស្ថានីយប្រេង និងឃ្លាំងលក់ដែកខាងលើនេះផ្អាកការសាងសង់ ដើម្បីឲ្យម្ចាស់ទៅធ្វើច្បាប់ឲ្យបានត្រឹមត្រូវ ពិតមែនតែត្រូវបានម្ចាស់ស្ថានីយប្រេងខាងលើហែកចោលដោយគ្មានមូលហេតុ ។ ប៉ុន្តែ ទោះជាយ៉ាងនោះក្តីលោកបានរាយការណ៍ទៅថ្នាក់លើរួចហើយ ។
ចំណែក លោក ផេង វុទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានឲ្យដឹងថា លោកនិងចុះទៅពិនិត្យស្ថានីយប្រេងនេះជាក់ស្តែងតែរហូតមកទល់ពេលនេះលោកមិន ទាន់ បានទទួលបានព៌ត៌មានរឿងស្ថានីយប្រេង និងឃ្លាំងអត់ច្បាប់របស់ទាហានខាងលើនេះនៅឡើយ ៕ ភ្នំដា