ខ្សឹបដាក់ត្រចៀក៖ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់បន្តអាជីពរត់ការបទល្មើសដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

មកទល់នឹងពេលនេះ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែងមានរយៈពេល៣ថ្ងៃមកហើយ បើទោះជាគ្មានទ្រង់ទ្រាយធំ ក៏គេបានរាយការណ៍មកថា ឈ្មួញបានប្រើប្រាស់រថយន្តម៉ាកសាំយ៉ុង និងរថយន្តកាមរីបាឡែន ដឹកជញ្ជូនឈើប្រភេទធ្នង់ចេញពីចំណុចស្រែពករវាងព្រំប្រទល់ខេត្តស្ទឺងត្រែង នឹងខេត្តរតនគិរី មកកាន់ព្រំប្រទល់ខេត្តក្រចេះ ដើម្បីបន្តទៅប្រទេសវៀតណាម។

លោកហែម សុមុនី មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃត្រូវបានគេរិះគន់ថា កំពុងពាក់ព័ន្ធទៅនឹងសកម្មភាពបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះ ក្នុងនោះគេបាននិយាយថា លោក ខែម សុមុនី ជាអ្នកចេញមុខរត់ការចំណាយថវិកាទៅលើផ្នែកមន្ត្រីស៊ីវិល និងតាមជំនាញពាក់ព័ន្ធ។ ដោយឡែក ឈ្មោះ ឃ្នី ដែលជាដៃគូរបស់គាត់ មានភារកិច្ចជាអ្នករត់ការយកលុយទៅបែងចែកសម្រាប់សមត្ថកិច្ចជាច្រើនស្ថាប័នក្នុងខេត្តស្ទឹងត្រែង។

យ៉ាងតិចក្នុងមួយយប់ មានរថយន្តដឹកឈើរបស់ក្រុមអ្នកទាំងនេះពីបីទៅបួនគ្រឿង ដែលជាសកម្មភាពបន្លំឆក់ឱកាស សម្រាប់ទទួលកម្រៃថ្លៃបាយ ឬជាមធ្យោបាយសាកចិត្តថា តើមានប្រតិកម្មខ្លះនោះទេ ទើបពួកគេនឹងត្រូវដំណើរការដឹកជញ្ជូនលក្ខណៈច្រើនជាងនេះ។

លោក ហែម សុមុនី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ទៅលើអង្គភាពរបស់ខ្លួន ខណៈខ្លួនជាសមត្ថកិច្ចមានតួនាទីជាអ្នកបង្ក្រាប បែរជាចេញមុខរត់ការ ជាប់ពាក់ព័ន្ធបទល្មើសដឹកជញ្ជូន ឈើនេះទៅវិញ?

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាយសេនាធិការអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ឆៃ គឹមខឿន បានចេញបទបញ្ជាឲ្យកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលបានឈរជើងនៅតាមបណ្តាខេត្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកន្លងទៅវិលត្រឡប់មកកាន់អង្គភាពវិញ បន្ទាប់ពីមានបញ្ជាពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងនោះ លោកថែមទាំងមានប្រសាសន៍សង្កត់ធ្ងន់ថា បើសិនមន្ត្រីទាំងនោះមិនព្រមអនុវត្តតាមបទបញ្ជា លោកនឹងមានវិធានការដោយបង្ខំឲ្យស្នងការនគរបាលខេត្តទាំងនោះ ត្រូវតែចាប់បញ្ជូនខ្លួន មកកាន់អង្គភាពជាមួយនឹងការពិន័យរដ្ឋបាលផងដែរ។

...

បើទោះជាមានការលើកឡើងពីថ្នាក់ដឹកនាំបែបនោះក៏ដោយ លោកហែម សុមុនី នគរបាលសេដ្ឋកិច្ចក្រសួង មិនត្រឹមតែមិនបានបំពេញកាតព្វកិច្ចដកខ្លួនចេញពីខេត្តស្ទឹងត្រែងដែលជាទីតាំងខ្លួនឈរជើងកន្លងនោះទេ បុគ្គលរូបនេះ បានបន្តអាជីពរត់ការបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តស្ទឹងត្រែងនេះដដែល ហើយសកម្មភាពរត់ការនេះ ត្រូវបានមន្ត្រីនៅទីនោះអះអាងថា គាត់ធ្លាប់រត់ការដឹកជញ្ជូនឈើតាំងពីមុនកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនយាយព្រឿង ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដែលគាត់ ហែម សុមុនី ជាអ្នករត់ការឲ្យយាយ ព្រឿង ទៀតផង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print