ខេត្តបន្ទាយមានជ័យ ៖ អាជីវករលក់បន្លែត្រីសាច់ នៅក្នុងផ្សារថ្មីហៅផ្សារចំការគបាននាំគ្នាត្អូញត្អែរពីការរងផលប៉ះពាល់សុខភាពក្លិនទឹកសំអុយ ដោយសារការកកស្ទះលូជាយូរឆ្នាំមកហើយ គណៈកម្មការផ្សារ និងអាជ្ញាធរមិនទាន់រកដំណោះស្រាយជូនពួកគាត់នៅឡើយនោះទេ។បញ្ហាពីផលប៉ះពាល់ទឹកសំអុយនោះនាំឱ្យអាជីវករចំនួន២តូបបានបង្ខំចិត្តបិទតូបបញ្ឈប់អាជីវកម្មរបស់ខ្លួនដោយទ្រាំពុំបាននូវក្លិនទឹកស្អុយដក់ជាប់នៅក្នុងផ្សារគ្មានប្រព័ន្ធលូរំដោះទឹកចេញ។
អាជីវករបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែសីហា ឱ្យដឹងថា ទឹកសំអុយដែលកំពុងបង្ករងផលប៉ះពាល់ដល់បងប្អូនអាជីវករនោះ មួយផ្នែកដោយសារការចាក់ទឹកពីអ្នកធ្វើត្រីផ្អកប្រហុក និងមួយផ្នែកទៀតការបង្ហូរទឹកចេញតាមបង្គន់ផ្ទះនៅជុំវិញផ្សារ។ជាពិសេសទឹកសំអុយបានបង្កប៉ះពាល់ធ្ងន់ធ្ងរនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ទឹកហូរដក់ទឹកជ្រាំនៅក្នុងផ្សារនោះតែម្តង។
អាជីវករក៏បានសំណូមពរឱ្យអាជ្ញាធរ និងគណៈកម្មការផ្សារមេត្តាជួយដោះស្រាយបញ្ហានេះជូនដល់ពួកគាត់នោះផង។
លោក ពេជ្រ ញៀន ប្រធានគណៈកម្មការផ្សារថ្មីហៅផ្សារចំការគបានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថា បញ្ហាការកកស្ទះប្រព័ន្ធលូ នោះគឺវាហួសសមត្ថភាពរបស់លោកនោះហើយ បញ្ហានោះខាងអាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ និងដោះស្រាយពីព្រោះការការប្រមូលថ្លៃអនាម័យ និងថ្លៃភាស៊ី ខាងអាជ្ញាធរខេត្តគេប្រមូលយកទាំងអស់ ។ក៏ប៉ុន្តែបញ្ហានោះដែរ លោកក៏បានរាយការណ៍ដល់អភិបាលខេត្តរួចហើយកាលពីកន្លងទៅថ្មីៗនេះ លោកអភិបាលខេត្ត ក៏គ្រោងចាត់អ្នកជំនាញចុះទៅត្រួតពិនិត្យដើម្បីសិក្សាឡើងវិញ។
លោកបញ្ជាក់ទៀតថាការកកស្ទះដោយសារតែមានបងប្អូនអាជីវករមួយចំនួនបានយកសំរាម ញាត់ចូលក្នុងលូ ទើបបង្កឱ្យកកស្ទះលូបែបនោះ៕សំ វិច្ឆិកា