Update ៖ មេខ្លោងជួញដូរថ្នាំញៀនដ៏សកម្ម នៅឃុំខ្ពបត្រូវចាប់ខ្លួនជាថ្មី 

ចែករំលែក៖

ខេត្តកណ្តាល ៖ មេខ្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅឃុំខ្ពប ស្រុកស្អាង កន្លងមកធ្លាប់ជាប់ពន្ធនាគារពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនជាថ្មីម្តងទៀត ដោយអនុវត្តតាមដីកាបង្គាប់ របស់សាលាដំបូងខេត្តកណ្តាល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចលំនៅឋាន ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវបានចាប់ខ្លួនឈ្មោះ ជ័រ ចេង ហៅក្លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២២៧/១៧ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ចេញដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកស្អាងបានចាប់ខ្លួនជនសង្ស័យ២នាក់ឪពុកកូន រួមជាមួយថ្នាំញៀន និងវត្ថុតាងមួយចំនួននៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ។ ជនសង្ស័យជាឪពុកឈ្មោះ ទួត នី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯជនសង្ស័យជាកូនឈ្មោះ នី សារ៉េត ភេទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិរកាលើ ឃុំខ្ពប ជាមួយគ្នា ។

ក្រោយពីចាប់ខ្លួនជនសង្ស័យទាំង២នាក់បានសារភាពថា នៅមុនពេលចាប់ខ្លួន រូបគេទាំង២នាក់បានទទួលលុយពីឈ្មោះ ជ័រ ចេង ហៅក្លូ រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៣០០.០០០រៀល (បីសែនរៀល) ដើម្បីទៅទិញគ្រឿងញៀន ១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចស្តុបព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល  បន្ទាប់ពីទិញបានពួកគេបានយកគ្រឿងញៀនទៅឲ្យអោយមេខ្លោងឈ្មោះ ជ័រ ចេង ។ ក្រោយពីបែងចែកជាកញ្ចប់តូចៗរួចមក មេខ្លោង ឈ្មោះ ជ័រ ចេង បានអោយគ្រឿងញៀនមកខ្លួនចំនួន០៣កញ្ចប់តូច ដើម្បីរក្សាទុកលក់ ។

បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ឪពុកកូន សមត្ថកិច្ចបានបន្តចាប់ខ្លួនជនសង្ស័យឈ្មោះ ជ័រ ចេង ហៅក្លូ ដែរ តែចាប់មិនបាន ដោយសារជនសង្ស័យរូបនេះដឹងខ្លួនមុន រត់គេចខ្លួនបាត់ពីមូលដ្នាន ទើបសមត្ថកិច្ចធ្វើសវតាជាតិជនសង្ស័យបញ្ជូនទៅតុលាការខេត្តកណ្តាល រហូតមានដីកាបង្គាប់ឲ្យចាប់ខ្លួន ។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជ័រ ចេង ហៅក្លូ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំខ្ពប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅជនសង្ស័យឈ្មោះ ជ័រ ចេង ហៅក្លូ រូបនេះត្រូវបានសមត្ថកិច្ចនគរ​បាល​ស្រុកស្អាងចាប់ខ្លួនម្តងមកហើយរួមជាមួយប្រពន្ធឈ្មោះ អែម ថាឡៃ អាយុ៣១ឆ្នាំ និងបក្ខពួកម្នាក់ទៀត ដកហូតបានថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន៦៣កញ្ចប់ ,អាវុធកែច្នៃ០២ដើម និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

ក្រោយពីចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានតុលាការខេត្តកណ្តាលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារខេត្តរយៈពេល២ឆ្នាំ ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ។ បន្ទាប់ពីចេញពីពន្ធនាគារវិញ ជនសង្ស័យរូបនេះនៅតែមិនរៀងចាលបន្តសកម្មភាពជួញដូរគ្រឿងញៀន កាន់តែមានទ្រុងទ្រាយធំជាងមុន និងមានដៃជើងកាន់លក់ទៀតផង រហូតដល់អំឡុងដើមឆ្នាំ២០១៧ សមត្ថកិច្ចក៏បានចាប់ខ្លួនដៃជើងរបស់មេខ្លោងជួញដូរគ្រឿងញៀនរូបនេះ និងបន្តឈានដល់ចាប់ខ្លួនមេខ្លោងរូបនេះតែម្តង ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print