សមត្ថកិច្ចខេត្តឧត្តរមានជ័យមិនហ៊ានបង្រ្កាបឈ្មួញឈើឈ្មោះតាប៉ាវនិងឈ្មោះធុយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ : សកម្មជន​ព្រៃឈើ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យបាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា មាន​ឈើ​ប្រណីត​ជាច្រើន​ត្រូវគេ​ដឹកជញ្ជូន​យកមក​លាក់ទុក​នៅផ្ទះ​ឈ្មោះ ធុ​យ និង​ផ្ទះ​របស់ ឈ្មោះ តា​ប៉ាវ និង​ជាច្រើន​កន្លែង​ផ្សេងទៀត​រង់ចាំ​រថយន្ត​ធំៗ​មក​ដឹកឈើ​ចេញ ដើម្បី​យកទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​គ្មាន​ខ្លាចក្រែង​ច្បាប់​បន្តិច​សោះឡើយ ។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បានដឹង​ច្បាស់​ពីបទ​ល្មើស​ព្រៃឈើ​របស់​ឈ្មួញ​ទាំងពីរ គឺ​មិន​ចាត់វិធានការ​បង្ក្រាប​តាមផ្លូវ​ច្បាប់​ឡើយ​រហូតមក​ដល់ពេលនេះ​។​

ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​រួមទាំង មន្ត្រី​បរិស្ថាន សមត្ថកិច្ច​ជំនាញ​ផ្សេងទៀត​គួរណា​ស់មាន​វិធា​ការបង្ក្រាប គឺ​មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ឈើ​គ្មាន​ច្បាប់ទម្លាប់​បន្ត​ដឹកឈើ​ចេញទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​មួយចំនួន​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ឈ្មោះ តា​ប៉ាវ តែង​ដឹក​ជ​ញ្ជួ​ន​ឈើ​ប្រណីត​ស្ទើរតែ​រៀងរាល់ថ្ងៃ​ហើយ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើការ​បង្ក្រាប​ឡើយ គឺ​បាន​ត្រឹម​ចាំ​យកលុយ​ពី​ឈ្មួញ​ឈើ​ប៉ុណ្ណោះ​។ ជាពិសេស​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​អ្នក​បណ្តោយ​ឲ្យ​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

ប្រជាពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើងថា​សព្វ​ថ្ងៃនេះ​បទល្មើស​ព្រៃឈើ​បានកើត​មាន​ជា​ហូរហែ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​នោះទេ គឺ​ដោយសារតែ​មន្ត្រី​ជំនាញ​យកលុយ​ពី​ឈ្មួញ ព្រោះ​បើ​មិន​យកលុយ​ពី​ឈ្មួញ​គ្មាន​ឈ្មួញ​ឈើ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ ឬ​យកទៅលក់​នៅ​ខេត្ត​ផ្សេងៗ​ទៀត​បាន​ដោយ​សុវត្ថិភាព​ឡើយ​។

មានការ​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល​ប្រ​ឆាង​បទល្មើស​សេដ្ឋកិច្ច​ជាដើម គឺ​សុទ្ធតែ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ ព្រោះ​កន្លងមក​គេ​ធ្លាប់​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​នគរបាល​មួយចំនួន​ទៅយក​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕​ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print