ក្រសួងការបរទេសកាតារសម្រេចបិទស្ថានទូតសាធារណរដ្ឋឆាដ

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែសីហា ក្រសួងការបរទេស ប្រទេសកាតារ បានសម្រេចបិទស្ថានទូត ប្រទេសឆាដ(Chad)នៅទីក្រុងដូហា ហើយស្នើដល់បុគ្គលិកទាំងអស់ចាកចេញពីប្រទេសនេះក្នុងរយៈ៣ថ្ងៃ។

សកម្មភាពខាងលើកើតឡើងក្រោយរយៈពេល២៤ម៉ោង បន្ទាប់ពីប្រទេសអាហ្វ្រិកកណ្តាលមួយនេះបាន ប្រកាសបិទស្ថានទូតកាតារនៅទីក្រុង N’Djamena ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងដូហា មានចេតនាបង្កឲ្យមានអសន្តិសុខ នៅក្នុងប្រទេសឆាដ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកាតារបានច្រានចោលការចោទប្រកាន់ខាងលើរបស់កាតារដោយចាត់ទុកថា ការចោទប្រកាន់ទាំងនោះរបស់ប្រទេសឆាដ មិនមាន មូលដ្ឋានច្បាស់លាស។

កន្លងមករដ្ឋាភិបាលឆាដបានប្រកាសបណ្តេញមន្ត្រីការបរទេសរបស់ប្រទេសកាតារ ដោយបានបញ្ជាក់ថា «ដើម្បីការពារសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់»។ ឆាដបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងដូហា ព្យាយាមបំផ្លាញស្ថេរភាពរបស់ឆាដ តាមរយៈប្រទេសលីប៊ី។ ឆាដបានទុកពេល១០ថ្ងៃ ឲ្យបុគ្គលិក និងមន្ត្រីការទូតកាតារចេញពីប្រទេសនេះក្នុងរយៈពេល១០ថ្ងៃ។

កាលពីខែមិថុនា កន្លងមក ប្រទេសឆាដ , Mauritania និងSenegalបានកោះហៅមន្ត្រីស្ថានទូតកាតារដើម្បីប្រឆាំង និងសកម្មភាពរបស់កាតារ។ ការសម្រេចខាងលើកើតឡើងក្រោយពេលដែលសាឌីអារ៉ាបី និងប្រទេសអារ៉ាប់រួមបារ៉ែន និងអេហ្សុីបបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការបរទេស និងពាណិជ្ជកម្មជាមួយកាតារ ដោយចោទប្រកាន់ប្រទេសនេះបានគាំទ្រក្រុមភេរវកម្ម។ រហូតមកទល់ពេលនេះរដ្ឋាភិបាលប្រទេសកាតារ នៅតែច្រានចោលរាលការចោទប្រកាន់ខាងលើរបស់កាតារ។

សកម្មភាពខាងលើធ្វើឲ្យវិបត្តិនៅក្នុងតំបន់អារ៉ាប អាចឈានទៅរកភាពតានតឹងជាថ្មី បើទោះបីកន្លងមកព្រះមហាក្សត្រ សាឌីអារ៉ាបីបានចេញបញ្ជាឲ្យបើកច្រកផ្លូវព្រំដែនគោក និងដែនអាកាសជាមួយកាតារវិញ។ ប៉ុន្តែពេលកន្លងមកថ្មីៗ កាតារមិនអានុញ្ញាត្តិឲ្យយន្តហោះរបស់សាឌីអារ៉ាបីចុះចត់នៅទីក្រុងដូហា ដើម្បីដឹកអ្នកធ្វើព្យុះហយាត្រា ពីប្រទេសកាតារទៅកាន់ប្រទេសសាឌីអារ៉ាបី។ សកម្មភាពទាំងនោះអាចជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print