គេរាយការណ៍ថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តាំងពីយូរមកនោះ កំពុងកាកកបគ្រប់ទឹកជាមួយនឹងក្រុមមន្ត្រីខ្មោច ពោលគឺមានតែឈ្មោះបើកប្រាក់ខែ ប៉ុន្តែគ្មានមនុស្សធ្វើការ។ ប្រាក់ខែមន្ត្រីខ្មោចទាំងនោះស្ថិតនៅលើកណ្តាប់ដៃរបស់លោកប្រធានមន្ទីរទាំងអស់។ គ្រាន់តែនៅមន្ទីរពេទ្យបង្អែកជីភូ មានគ្រូពេទ្យថ្នាក់វេជ្ជបណ្ឌិតខ្លះគ្រាន់តែមានឈ្មោះ ប៉ុន្តែមិនដែលមកធ្វើការ ហើយលោកប្រធានមន្ទីរជាអ្នកម៉ៅការយកប្រាក់ខែ។
ប្រភពបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ លោកវេជ្ជបណ្ឌិត កង អូន មិនដែលមកធ្វើការទាល់តែសោះ ប៉ុន្តែមានឈ្មោះក្នុងតារាងបើកប្រាក់បៀវត្សរ៍ ជាដរាប។ រហូតមកដល់ពេលនេះ មានការបែកធ្លាយករណីលោកវេជ្ជបណ្ឌិតម្នាក់នេះមិនមកធ្វើការ ទើបមន្ទីរសុខាភិបាលខេត្តស្វាយរៀងជ្រួលច្របល់ស្នើរកការលុបឈ្មោះវេជ្ជបណ្ឌិតម្នាក់នេះ ។ ប៉ុន្តែនៅពេលដែលលិខិតស្នាមបញ្ជូនមកដល់ក្រសួង បែរជាថ្នាក់ដឹកនាំក្រសួងមិនព្រមទៅវិញ ព្រោះមានបញ្ហាមិនប្រក្រតីជាច្រើន។
ប្រភពបានឲ្យដឹងថា មិនមែនមានតែវេជ្ជបណ្ឌិតម្នាក់នេះទេ ដែលប្រធានមន្ទីរស៊ីប្រាក់ខែជាយូរមកនោះ នៅឯការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ ក៏មានបុគ្គលិកស្ត្រីម្នាក់ឈ្មោះ វ៉ែន សុជាតា ជាអ្នកបច្ចេកទេសពិសោធន៍មធ្យម ដែលទទួលបានក្របខ័ណ្ឌតាមរយៈអនុសាសន៍របស់សម្តេចតេជោកាលពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ គេមិនដែលឃើញគាត់មកធ្វើការនោះឡើយ។
មន្ត្រីនៅទីនោះនិយាយថា ឈ្មោះ វ៉ែន សុជាតា គឺជាមនុស្សរបស់មេផ្ញើ ដូច្នេះគ្មាននរណាហ៊ានប៉ះពាល់ទេ។ ករណីទាំងពីរនេះ ត្រូវគេអះអាងថា ជាឧទាហរណ៍ច្បាស់ក្រឡែត ដែលបញ្ជាក់អំពីអំពើពុករលួយរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលមិនអាចកាយត្រឡប់បិទបាំងបានឡើយ៕