ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានវៃឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចដាក់ខ្នោះ បង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវលេខ57 ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបាន ទី១ឈ្មោះ លឹម សុខសាន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងជាម្ចាស់ម៉ូតូធ្វើសកម្មភាពម៉ាក ហង់ដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ….. និងទី២ មានឈ្មោះ ពៅ បេនដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុនរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្តអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានឃើញជនសង្ស័យ២នាក់ខាងលើធ្វើសកម្មភាពជិះម៉ូតូមកឆក់កាបូបជនជាតិបរទេស ដែលជិះលើរុឺម៉ក់ម៉ូតូ តែមិនបានសម្រេចនិងបណ្ដាលឲ្យដួល ធ្វើអោយពួកគាត់នៅក្បែរនោះសហការគ្នាជួយចាប់និងស្វាគមន៍ម្នាក់មួយដៃ មួយជើងឡើងទ្រោមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចមូលដ្ឋានដាក់ខ្នោះតែម្ដង ។
ក្រោយកើតហេតុ ជនរងគ្រោះ ដែលជាជនជាតិបរទេសបានធ្វើដំណើបន្តទៅបាត់ ដោយមិនបានដាក់ពាក្យបណ្ដឹងនោះឡើយ ។ ចំណែកជនសង្ស័យ២នាក់ រួមជាមួយនិងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីសាកសួរ ហើយកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌចំការមន ចាត់ការតាមផ្លូវច្បាប់ ៕