សៀមរាប៖ ឃាតកវ័យក្មេង អាយុ ១៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ខេត្តសៀមរាប ឃាត់ខ្លួនពីបទ ធ្វើសកម្មភាព ចាប់កូនមន្រ្ដីនគរបាលខេត្តសៀមរាបម្នាក់ អាយុ៤ឆ្នាំជ្រមុជទឹកបណ្ដាល ឲ្យស្លាប់ យ៉ាងអាណោអាធម៌ ហេតុការណ៍ ឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៧ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ឃាតករវ័យក្មេង ឈ្មោះ យ៉ិក ស្នានៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានចាប់ក្មេងប្រុសច្រមុចទឹករហូតដល់ស្លាប់ស្ថិតនៅ ចំណុចផ្លូវ១៥ម៉ែត្រ នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក្មេងរងគ្រោះ ឈ្មោះស៊ត់ ភារិទ្ធ អាយុ៤ឆ្នាំ ត្រូវជាកូន របស់ឈ្មោះស៊ត់ សៃ នាយប៉ុស្ដិ៍នគរបាល សង្កាត់ជ្រាវ។
ក្រោយកើតហេតុ សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ហើយបាននាំជនសង្ស័យមកសាកសួរ ដោយជនសង្ស័យ បានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូទៅធ្វើសោ ពេលត្រឡប់មកវិញខ្លួនបានជិះម៉ូតូទៅលាងនៅកទឹកបណ្តោយផ្លូវ ពេលកំពុងលាងម៉ូតូ ស្រាប់តែឃើញក្មេងប្រុស មិនស្គាល់ឈ្មោះ បានដើរមកលេងទឹកក្រឡុកដែលខ្លួនកំពុងលាងម៉ូតូ ហើយក៏ប្រលែងគ្នាលេង ពេលនោះក្មេងប្រុសនោះ បានឡើងជិះលើខ្នងខ្លួនធ្វើ ឲ្យច្រមុជទឹក ហើយខ្លួនក៏ខឹងស្ទុះក្រោកឈរ និងរុញស្មាក្មេងនោះអោយ ដួលផ្កាប់មុខទៅក្នុងទឹក ហើយចាប់ច្រមុជក្បាលទៅក្នុងទឹកប្រហែល ២-៣នាទី ទើបខ្លួនក្រោកមកយកម៉ូតូ ជិះចេញទៅ។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯកទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់ ក្នុងកិច្ចសម្ភាសតាមទូស័ព្ទថាសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យខាងលើ ប្រាកដមែន ប៉ុន្តែមិនបញ្ជូនជនសង្ស័យ ទៅតុលាការនោះទេ គ្រាន់តែបញ្ចូន សំណុំរឿងប៉ុណ្ណោះ ដោយសារជនសង្ស័យ នៅជាអនិតិជននៅឡើយ ៕ ប៊ុនរិទ្ធី