លោក ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ក្តៅស្លឹកត្រចៀកដោយសារមន្ត្រីសាលាខេត្តម្នាក់មិនគោរពការតែងតាំងសម្តេចក្រឡាហោមស ខេង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ផ្អើលពេញខេត្តកំពង់ធំ ដោយសារតែមន្រ្តីសាលាខេត្តកំពង់ធំ មួយរូបត្រូវបានសម្រេចតែងតាំងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន តែងតាំងផ្លាស់ប្តូរ តួនាទីផ្ទេរភារកិច្ចមកជាអភិបាលរងស្រុក តែមន្រ្តីរូបនោះបែរជាមិនបានចូលរួមប្រកាសដោយគ្មានហេតុផលនោះឡើយ ថែមទាំងបានធ្វើឲ្យថ្នាក់ដឹកនាំខេត្ត ស្រុក និងតាមបណ្តាមន្ទីរខកចិត្ត ដោយនឹកស្មានមិនដល់ ។

ពិធីប្រកាសតែងតាំងអភិបាលរងស្រុកកំពង់ស្វាយ ២រួប កាលពីព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ ដោយលោក ថន ពុទ្ធា អតីតនាយករងរដ្ឋបាលស្រុកកំពង់ស្វាយ ត្រូវបានតែងតាំងជាអភិបាលរងស្រុក កំពង់ស្វាយ លោក អ៊ុក ប៊ុនធឿន អតីតនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ ត្រូវបានតែងតាំងជា អភិបាលរងស្រុកកំពង់ស្វាយ តែនៅក្នុងពិធីប្រកាសនេះ គឺមានតែលោក ថន ពុទ្ធា តែម្នាក់ឯងគត់មក ចូលរួមប្រកាស ចំនែកលោក លោក អ៊ុក ប៊ុនធឿន មិនបានចូលរួមប្រកាសខ្លួនឯងឡើយ ហើយថែមទាំងមិនបានផ្តល់ដំណឹងសូម្បីមួយម៉ាត់ពីហេតុផលនានា នឹងគ្មានដំណឹងនោះឡើយ ដោយសារមិនពេញចិត្តនឹងតំណែងដែលសម្តេចក្រឡាហោម តែងតាំងអោយ ធ្វើឲ្យមហាជនរាប់រយនាក់ នៅក្នុងពិធីប្រកាសហួសចិត្តនឹកស្មានមិនដល់ ។

លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍ក្នុងពីធីប្រកាសអភិបាលក្រុងស្ទឹងសែន នាល្ងាចថ្ងៃទី២៨ ដដែលថា លោក អ៊ុក ប៊ុនធឿន ត្រូវបានតែងតាំងពីព្រះមហាក្សត្រ ពីសម្តេចក្រឡាហោម ស ខេង អ្នកណាក៏គោរពនូវការចាត់តាំងនេះដែរ ប៉ុន្តែអាឈ្លើយនេះវាអត់គោរពទេ ដូច្នេះការងារនេះ ប្រគល់ជូនលោកអភិបាលខេត្តកំពង់ធំ ដោយចាត់វិធានការតាម វិន័យរបស់គណៈបក្សប្រជាជន គឺមន្រ្តីទាំងអស់ត្រូវគោរពវិន័យ តាំងពីថ្នាក់លើរហូតដល់ក្រោម ថ្នាក់ក្រោមគោរពថ្នាក់លើ ទង្វើរបស់លោក អ៊ុក ប៊ុនធឿន មិនត្រឹមតែគោរពតាមតែងតាំងនេះ គឺជាការប្រមាថ មើលងាយយ៉ាងធ្ងន់ធ្ងរ ដោយមិនអាចអត់អោនអោយបាន លោក បានបញ្ជាក់ថា អាមួយហ្នឹងមិនមែន ល្ងង់ទេ គឺជាសាស្រ្តាចារ្យ តែវាឈ្លើយ ខ្ញុំអាយុ៧១ឆ្នាំហើយមិនដែលជួបទេ ធ្លាប់តែគោរពបទបញ្ជាដូចទាហាន អញ្ចឹង គឺតែបញ្ជាហើយគឺត្រូវតែធ្វើ ចំណែកធ្វើបានមិនបានចាំរាយការណ៍មក។

លោក អ៊ុក ប៊ុនធឿន គឺជាអតីតនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ ធ្លាប់មានរឿងអាស្រូវ មិនចេះចប់មិនចេះហើយ រហូតមានការប្តឹងផ្តល់គ្នា ក្នុងនោះក៏ត្រូវបានថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តកំពង់ធំ មានការយោលយោគ អប់រំជួយផ្សះផ្សារចំនួន២លើក ប៉ុន្តែដោយឧបនិស័យរបស់លោក អ៊ុក ប៊ុនធឿន មិនបានធ្វើឲ្យថ្នាក់ដឹកនាំមានភាពកក់ក្តៅចំពោះការងារនោះឡើយ ថែមទាំងបានធ្វើឲ្យខកបំណងទាំងស្រុង ទៅវិញ ។

មហាជនជាច្រើនបាននាក់ បានលើកឡើងនូវបទបញ្ជារបស់ថ្នាក់លើ ក្នុងនាមយើងជាទាហាន ជាមន្រ្តីរាជការ ជាកងកម្លាំង មិនអាចប្រឆាំងនឹងបទបញ្ជាបានឡើយ ជាក់តែងលោក អ៊ុក ប៊ុនធឿន គឺជាការសម្រេចតែងតាំងពីសម្តេចក្រឡាហម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បែរជាមិនគោរពប្រៀបបាននឹង ការប្រមាថមើលងាយ ព្រះមហាក្សត្រ មើលងាយថ្នាក់ដឹកនាំ ដោយមិនអាចអនុគ្រោះបាន ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print