ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពប្រើដែកចុងស្រួចភ្ជង់កជនរងគ្រោះប្លន់យកម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស សុភី ហៅហ្វុង ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី៥ ភូមិ- សង្កាត់ស្វាយប៉ាក មុខរបររត់ម៉ូតូឌុប ។ មុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានហៅឲ្យឌុបពួកគេពីត្រង់ចំណុចផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាកដើម្បី យកម៉ូទ័រទៅលក់នៅម្ដុំប្រឡាយភ្លោះ សង្កាត់ស្វាយប៉ាក ក្នុងតម្លៃឈ្នួល ១ម៉ឺនរៀល។ លុះត្រឡប់មកវិញដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពយកដែកចុងស្រួចភ្ជង់ ក ហើយគំរាម ព្រមទាំងវាយក្បាលខ្លួន ជនរងគ្រោះ ហើយក៏យកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៏បានចុះស្រាវជ្រាវ រយៈពេល៣០នាទីទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុយ បូរិន្ទ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំផ្ទះលេខ២០៦D ផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ឹម រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិលូសង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដជាដែលជាបក្ខពួកនាវេលាម៉ោង៦ ព្រឹកថ្ងៃដដែល។
ការឃាត់ខ្លួនជនសង្ស័យ២នាក់នេះ សមត្ថកិច្ចបានដកហូតម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AE ៧០៤៥ ១គ្រឿងជារបស់ជនរងគ្រោះ និងដែកចុងស្រួច១ដើម។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញ សាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ អរុណរះ