ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួល ជួបពិភាក្សាការងារជាមួយលោក Dato Sri Jamil Khir រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួល បន្ទុកកិច្ចការ សាសនា របស់ប្រទេសម៉ាឡេស៊ី អមដំណើរដោយ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី ០៤ កញ្ញា ឆ្នាំ២០១៧ ។
នៅក្នុងកិច្ចពិភាក្សារសៀលនេះ សម្តេចតេជោ បានស្នើសុំឲ្យលោករដ្ឋមន្ត្រី ជួយជំរុញដល់ការ បណ្តុះ បណ្តាលផ្នែកហាឡាល់ ដល់ប្រជាពលរដ្ឋកាន់សាស នាឥស្លាម និងជួយជំរុញអ្នកវិនិយោគិនឥស្លាម មកកាន់កម្ពុជាឲ្យបានច្រើន ដើម្បីជំរុញការផលិតម្ហូបអាហារហាឡាល់ សម្រាប់ការនាំចេញ ព្រមទាំជួយ ជំរុញការវិនិយោគលើវិស័យផ្សេងៗ ទៀតដើម្បីរួមចំណែកជំរុញការអភិវឌ្ឍកម្ពុជា ឲ្យបានលឿនទៅមុខ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី Dato Sri Jamil Khir បានគាំទ្រសំណើររបស់ សម្តេចតេជោ ហ៊ុន សែន ហើយលោកនឹងខិតខំជំរុញវិស័យនេះ ឲ្យបានក្នុងពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំពិភាក្សាកាលពីរសៀលថ្ងៃនេះ គឺបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង។
ក្នុងជំនួននោះដែរ លោក Dato Sri Jamil Khir ធ្លាប់បានមកកម្ពុជាម្តងរួចមកហើយ ហើយលោកបានឃើញកម្ពុជា ពេលនេះមានការខុសប្លែកស្ទើរទាំងស្រុងពីពេលមុន។ លោកបានឃើញកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅក្នុងដំណើរបំពេញទស្សនកិច្ចពេលនេះ លោករដ្ឋមន្រ្តីក៏បានសង្កេត ឃើញថាទាំងប្រជាជនកម្ពុជា ក៍ដូចជាអ្នកកាន់សាសនាឥស្លាម គឺមានការគោរពស្រឡាញ់យ៉ាងខ្លាំង ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសនៅក្នុងពិធីសម្ពោធព្រះវិហារឥស្លាម នៅទីរួមខេត្តកំពង់ចាម កាលពីព្រឹកមិញនេះ គឺជាសក្ខីភាពស្រាប់។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងមានក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជា មួយលោករដ្ឋមន្រ្តី Dato Sri Jamil Khir ថ្ងៃនេះ។
សម្តេចតេជោ ក៏បានជំរាបជូនផងដែរថា កម្ពុជាពិតជាមានការផ្លាស់ប្តូរដ៏ធំមែន គឺការអភិវឌ្ឍ សេ្ថរភាពនយោបាយ និងសង្គម ព្រមទាំងសន្តិភាពពេញលេញ ដែលកំពុងផ្តល់ឱកាសគ្រប់បែបយ៉ាងដល់ពលរដ្ឋ។ ការរីកចម្រើនសព្វថ្ងៃ ជាពិសេសវិស័យសំណង់ ដែលកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំង ដូចដែលយើងបានឃើញនូវអគារខ្ពស់ៗយ៉ាងច្រើនក្នុងទីក្រុង។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍទាំងនេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភ និងការវិនិយោគមកពីបរទេសបានឡើយ ជាពិសេសពីការវិនិយោគទុន មកពីប្រទេសម៉ាឡេស៊ី។
សម្តេចតេជោ បានបញ្ជាក់ផងដែរ អំពីទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា គឺមិនប្រកាន់ថា ជាព្រះពុទ្ធសាសនា ឬ ឥស្លាមសាសនានោះទេ គឺពលរដ្ឋមានភាពជិតស្និទ្ឋ។ ទំនាក់ទំនងដ៏ជិតស្និទ្ឋប្រកបដោយក្តីស្រឡាញ់ ចំពោះប្រជាពលរដ្ឋ គឺសម្តេចបានផ្សារភ្ជាប់ តាមរយៈការអញ្ជើញចុះជួបសួរសុខទុក្ខ និងចុះជួយប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងតែជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលនៅពេលនោះ គឺសម្តេចតេជោ មានវត្តមាននៅក្នុងវាលស្រែ និងតាមប្រឡាយទឹក ក្នុងការជួយដល់កសិករ។
នៅពេលនេះ កម្ពុជាកំពុងតែជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ស្របតាមគោលនយោបាយឧស្សាហកម្មឆ្នាំ (២០១៥-២០២៥) ដែល សម្តេចតេជោ កំពុងអញ្ជើញចុះជួបសួរសុខទុក្ខ និងជួយបងប្អូនកូនក្មួយកម្មករកម្មការនី និយោជិត និងនិយោជកជារៀងរាល់សប្តាហ៍។
ចំពោះសិទ្ធិជំនឿសាសនា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា ទោះបីកាន់សាសនាឥស្លាមក៏ដោយ ក៏បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសលើវិស័យកំណែរទម្រង់ឡូត៍នេសាទ ដែលប្រជាពលរដ្ឋ កាន់សាសនាឥស្លាមបានជួយលើវិស័យ នេះយ៉ាងច្រើន។
ដោយឡែកលើវិស័យអប់រំ និងការងារផ្សេងៗ នៅកម្ពុជា គឺមិនមានការកាត់ផ្ដាច់ បែងចែកប្រជាពលរដ្ឋអ្នកកាន់សាសនានេះ ឬសាសនានោះឡើយ៕