រថយន្តស៊ីណាបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវរថយន្តធុនធំបុកបណ្ដាលឲ្យខូចខាតជាទម្ងន់

ចែករំលែក៖

កណ្ដាលៈ រថយន្តស៊ីណាមួយគ្រឿងបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿងទៀតបើកបុកពេញមួយទំហឹង បណ្ដាលឲ្យរថយន្តម៉ាកស៊ីណាទទួលរងការខូចខាតមួយចំហៀងយ៉ាងទម្ងន់តែមិនបណ្ដាលឲ្យភាគីណាម្នាក់រងរបួសនោះទេ ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

មន្រ្តីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា រថយន្តដែលរងការខូចខាតយ៉ាងទម្ងន់នេះ ម៉ាកសុីណា(SINA) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A-2734 ( ខូចខាតទ្វារខាងស្ដាំផ្នែកខាងក្រោយ ) បើកបរដោយឈ្មោះ ដួង រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិកំពង់ពោធិ៏ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែករថយន្តមួយគ្រឿងទៀតជាប្រភេទសណ្ដោងរ៉ឺម៉ក ធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-2903 (ខូចខាតខាងមុខផ្នែកខាងស្ដាំបន្តិចបន្តួច) បើកបរដោយឈ្មោះ អឹម ឌឺន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិស្រះព្រឺង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តម៉ាកស៊ីណា បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកស៊ីណាបានបត់ឆ្លងផ្លូវ ពីស្ដាំមកឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះដែរក៏មានរថយន្តសណ្ដោងរ៉ឺម៉ក ធុនធំ កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវឈប់មិនទាន់ បានបុកចំពាក់កណ្ដាលរថយន្តពេញមួយទំហឹង បណ្ដាលឲ្យរថយន្តម៉ាកស៊ីណា រងការខូចខាតទ្វារខាងស្ថាំផ្នែកខាងក្រោយយ៉ាងទម្ងន់ រីឯរថយន្តដែលបុកនោះទទួលរងការខូចខាតផ្នែកខាងស្ដាំបន្តិចបន្ទួចតែប៉ុណ្ណោះ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺពុំបណ្ដាលឲ្យភាគីណាម្នាក់ទទួលរងរបួសអ្វីឡើយ ។ ក្រោយពីមានហេតុការណ៍កើតឡើង រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីរថយន្ដម៉ាកសុីណាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបមានរឿងហេតុកើតឡើងយ៉ាងដូច្នេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print