ខេត្តតាកែវ ៖ ភាពល្បីល្បាញរបស់សង្វៀនបញ្ជល់មាន់ខុសច្បាប់អត់ច្បាប់ដ៏ធំមួយ ស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានប្រកាសអោយចូលរួមសម្ភោធឲ្យនៅថ្ងៃពុធ ទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះដើម្បីអបរអសារទការសាងសង់សង្វៀនជល់មាន់សម្រេចបានជោគជ័យ។
ប្រភពច្បាស់ការណ៍ពីល្បែងសង្វៀនបញ្ជល់មាន់បានឲ្យដឹងថា ក្រោយពីបានបញ្ចប់ការសាងសង់សង្វៀនបញ្ជល់មានខាងលើនេះអស់រាប់ម៉ឺនដុល្លាររួមមក នៅថ្ងៃខែខាងលើនឹងបើកអោយមានការចូលរួមអបអរសាទរនឹងបើកអោយបញ្ជល់មាន់ស៊ីសងដ៍ធំៗបំផុតនៅថ្ងៃបើកសម្ភោធដំបូង ដើម្បីបង្ហាញពីការទទួលភាពជោគជ័យនៃការប្រព្រឹត្តិល្បែងអត់ច្បាប់នៅកណ្តាលស្រុកនៃខេត្តតាកែវ ។
ប្រភពឲ្យដឹងទៀតថា អ្នកដែលត្រូវចូលរួមមានអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តតាកែវទាំងមូល ជាពិសេសក្រុមអ្នកមានប្រាក់មានអំណាច ដែលចូលចិត្តល្បែងបញ្ជល់មាន់នេះ ត្រូវចូលរួមជាដាច់ខាតដើម្បីបញ្ជល់ស៊ីសងគ្នាក្នុងតម្លៃរាប់ពាន់ដុល្លារក្នុងមួយគូរៗ ។
លោក ងាន់ សារី អធិការស្រុកបាទីបានឲ្យដឹងថា លោកមិនមានពេលវេលាដើម្បីចូលរួមអបអរសាទរសង្វៀនបញ្ជល់មាន់ខុសច្បាប់ដ៍ធំនៅស្រុក នេះទេ ព្រោះលោកមិនចូលចិត្តហើយក៍មិនយកខ្លួនបៀតជាមួយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងស្រុកដែរ ។ លោកទទួលស្គាល់ថា សង្វៀនបញ្ជល់មាន់ដ៏ធំនេះសាងសង់អស់រាប់ម៉ឺនដុល្លារ នៅចំណុចខាងលើនេះគឺពិតជាមានប្រាកដមែន តែលោកមិនបានអនុញ្ញាតឲ្យនោះទេ ។
រឿងរ៉ាវសង្វៀនបញ្ជល់មាន់មួយនេះលោកបានរាយការណ៍ប្រាប់លោកអភិបាលស្រុកបាទីរួចហើយ ពិសេសបានរាយការណ៍ទៅលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលទើបឡើងមកកាន់តំណែងថ្មី ប៉ុន្តែរហូតមកទល់ពេលនេះ ថ្នាក់លើនៅមិនទាន់មានចំណាត់ការបែបណាមកលើសង្វៀនបញ្ជល់មានដ៏ធំនេះទេ រហូតដល់ភាពល្បីល្បាញនៃការបើកសម្ភោធដាក់ឲ្យបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេងនេះ។ លោកអធិការបញ្ជាក់ថា សង្វៀនបញ្ជល់មាន់នេះឮថា អ្នកមានអំណាចនៅភ្នំពេញជាអ្នកបើក ។
បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ដ៏ធំមួយនេះកំពុងដឹកសំភារៈចូលយ៉ាងសម្បើមដើម្បីត្រៀមបើកសម្ភោធនៅថ្ងៃខែខាងលើនេះ ហើយប្រជាពលរដ្ឋកំពុងបើកភ្នែករងចាំមើលលោកស្នងការខេត្តតាកែវ ថ្មីចាត់វិធានការ ពិសេសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ៕ ភ្នំដា