ប៉ោយប៉ែត៖ ក្មេងប្រុសម្នាក់មិនសូវចេះហែលទឹក ចុះទៅលេងទឹកនៅរមណីយដ្ឋានដុងអារញ្ញ័លង់ស្លាប់ កាលពីម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ឋិតក្នុងភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សពក្មេងរងគ្រោះមានឈ្មោះ ចាន់ តីម អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិតេ៣០ ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកម៉ា រិន នាយប៉ុស្ដ៏សង្កាត់និមិត្តមានប្រសាសន៍ថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះខាងលើបានចុះលេងទឹកជាមួយក្រុមក្មេងៗប្រហែជា៨នាក់ ដោយក្មេងរងគ្រោះមិនសូវចេះហែលទឹក ហើយក្មេងរងគ្រោះត្រូវទឹកកួចចូលទឹកជ្រៅ តែក្មេងៗដែលលេងទឹកជុំគ្នាមិនបានដឹងឡើយ។
លោកបន្តថា ក្រោយពីក្មេងៗដែលលេងទឹកជុំជាមួយសពរងគ្រោះរួចបាននាំគ្នីគ្នាឡើងលើគោក តែបាត់សពក្មេងរងគ្រោះក៏ផ្អើលនាំគ្នាដើររក រកក៏មិនឃើញហើយទូរសព្ទ័រក ឃើញតែទូរសព្ទ័បាត់មនុស្ស ភ្លាមៗនោះឪពុកម្ដាយ និងសាច់ញាតិបានជួលអ្នកស្រុកមុជទឹករាវវរក ហើយបានរកឃើញនៅកន្លែងទឹកជ្រៅក្បែរនោះ ។
លោកបញ្ជាក់ថាសពរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកំណត់ហេតុឃើញថា ពិតជាស្លាប់ដោយសាតែលង់ទឹកមែន ដោយលើដងខ្លួនសពរងគ្រោះពុំមានស្លាកស្នាមអ្វីជាអំពើឃាតកម្មឡើយ ។ ក្រោយពីពិនិត្យសពក្មេងរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកសំពៅលូនខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ក្នុងរមណីយដ្ឋានដុងអារញ្ញ័ នៅរដូវភ្ជុំបិណ្ឌកន្លងទៅនេះមានករណីលង់ទឹកស្លាប់ចំនួនពីរនាក់ទាំងក្មេងរងគ្រោះខាងលើនេះផងដែរ ៕
ដោយ៖ វណ្ណា