ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានស្នើឲ្យអាជ្ញាធរដែនដីនិង សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវបំបាត់ឲ្យបានបញ្ហាចោរលួច ចោរឆក់នៅតាមរមណីយដ្ឋាន និងទីសាធារណៈ កន្លែងទេសចរណ៍ផ្សេងៗ ព្រោះ បើយើងបណ្តោយឲ្យមានអំពើបែបនេះវានិងធ្វើអោយប៉ះពាល់ដល់មុខមាត់រាជធានីភ្នំពេញ និងមុខមាត់ប្រទេសយើងផងដែរ។
លោក ឃួង ស្រេង បានបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំលើការជម្រុញ ការផ្តល់សេវាសាធារណៈនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២៩កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកនាយឧត្តមសេនីយជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជ អាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំនេះ ខ្លឹមសារជារួម លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់លើប្រធានបទ ការផ្តល់សេវាសាធារណៈ ដោយលោកអភិបាលបានបញ្ជាក់ថា លោកពិតជាទទួលស្គាល់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នាពេលកន្លងមក បានខិតខំទាំងអស់គ្នា និងបានសាទរ ប៉ុន្តែនៅក្នុងនោះលោកអភិបាលទទួលស្គាល់ថា នៅមានចំណុចអសកម្មមួយចំនួនផងដែរ ដែលតម្រូវអោយមន្ត្រី កម្លាំងមានសមត្ថកិច្ចរបស់យើង ពង្រឹងនិងរំលឹកគ្នា វាយតម្លៃ ស្នើសុំឲ្យមានការកែលម្អអសកម្មទាំងអស់នោះ ពោលគឺការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានលឿននិងមានតម្លាភាព ។
នេះជាការងារដែលលោកអភិបាលបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទៅលើការងារសេវាសាធារណៈ ជាពិសេសសេវាមូលដ្ឋាន នៅតាមច្រកចេញចូលតែមួយឲ្យទទួលយកបានលើការងារទាំងអស់នេះ ។ បន្ថែមលើកិច្ចការងារ លោកអភិបាល ក៏បានផ្តាំផ្ញើលើការងារសន្តិសុខ ត្រូវតែលើកកម្ពស់ យកចិត្តទុកដាក់ទៅតាមផែន ធ្វើយ៉ាងម៉េច ត្រូវគិតគូរឬកាត់បន្ថយឲ្យបាន នូវការលួចឆក់ប្លន់ ។
លោកអភិបាលរាជធានី បានសង្កត់ធ្ងន់ ទៅលើការងារចោរឆក់ និងគាស់ផ្ទះ ដែលយើងគិតថាជាការងារ មិនគួរឲ្យមាន នៅរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងទាំងមូល ដោយសារតែប្រទេសយើងមានបេតិកភណ្ឌពិភពលោកច្រើន បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយវត្ថុទាំងអស់នោះហើយ ក៏ជាវត្ថុទាក់ទាញឲ្យមានភ្ញៀវទេសចរច្រើនមក ព្រះរាជា ណាចក្រកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីបានស្នើឲ្យមានការយកចិត្តទុកដាក់រក្សាឲ្យបាន ការឆក់ នៅតាមទីរមណីយដ្ឋាន និងទីសាធារណៈ កន្លែងទេសចរណ៍ផ្សេងៗត្រូវតែលើកកម្ពស់ និងគិតគូរលើការងារទប់ស្កាត់ការគាស់ផ្ទះ ជាដើម៕