ភ្នំពេញ ៖ អនុរក្សពន្ធនាគារ នៅព្រឹកថ្ងៃទី០២ ខែតុលា នេះនាំខ្លួនអតីតឧត្ដមសេនីយ៍ឯកយោធា ឈឿន ចាន់ថន មកតុលាការកំពូល ដើម្បីជំនុំជម្រះ បន្ទាប់ពីត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៦ឆ្នាំ។ សវនាការនេះ ពុំត្រូវបានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានផ្តិតរូបភាពក្នុងបរិវេណតុលាការកំពូលទេ។
សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឌុន គឹមសន ជាតំណាងមហាអយ្យការ ។
លោក ពុធ ធាវី មេធាវីការពារក្ដីជនជាប់ចោទ ថ្លែងថា ជនជាប់ចោទឈឿន ចាន់ថន ហៅម៉ៅ អាយុ៤១ឆ្នាំ ជាប់ចោទពីបទ”រំលោភលើទំនុកចិត្ត , បំផ្លិចបំផ្លាញដោយចេតនា , គៃបំបាត់ដោយទុច្ចរិត , លក់ដូរនិងចែកចាយអាវុធ , បំផ្លិចបំផ្លាញនូវសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធនិងខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព”ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៧ តាមមាត្រា៦០១ មាត្រា៤៤៧ មាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ មាត្រា២០នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ និង មាត្រា៩នៃក្រឹត្យច្បាប់លេខ០៤ឆ្នាំ១៩៨១ ។
គួរបញ្ជាក់ថា អតីតឧត្តមសេនីយ៍ឯកឈឿន ចាន់ថន ហៅម៉ៅ មេបញ្ជាការកងអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម បានត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ រួមជាមួយអង្គរក្ស៣នាក់ផ្សេងទៀតនៅក្នុងភូមិគ្រឹះតម្លៃជិត១លានដុល្លារ លេខ៦៥ ផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ការចាប់ខ្លួនគួរឱ្យភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមានព្រះរាជក្រឹត្យដកហូតឋានន្តរស័ក្តិ និងតួនាទីដែលឡាយព្រះហស្តេលខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១មានន័យថា ការចាប់ខ្លួននេះធ្វើបន្ទាន់តែម្តង។ ជាមួយគ្នានេះ ក៏មានអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯកយឹម លាង ឱ្យទទួលតំណែងជាមេបញ្ជាការកងអង្គរក្សជំនួសវិញ៕ចេស្តា